ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបាននិងកំពុងរៀបចំកម្មវិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ កុម្ភៈ រហូតដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤។
បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាកម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃនេះគឺកំពុងរៀបចំធ្វើឡើងនៅទីតាំងបរិវេណវិទ្យាស្ថានផ្ទាល់ដែលមានការចូលរួមពីមន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក និងប្អូនៗនិស្សិតព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតដែលចូលរួមពីវិទ្យាស្ថានផ្សេងៗទូទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានចំនួនសរុប ៣២២នាក់។
កម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃក្រោមប្រធានបទយុវជនក្រោមដំបូលសន្តិភាពគឺជាមួយផ្នែកនៃការប្រមូលផ្តុំយុវជនកម្ពុជាដែលជាអនាគតបញ្ញវន្តបច្ចេកវិទ្យា និងជាធនធានកម្ររបស់ជាតិដើម្បីសិក្សាពីរបៀបនៃការបង្កើតជាក្រុម របៀបធ្វើការជាមួយក្រុម និងរបៀបរស់នៅជាមួយគ្នា។
ក្នុងរយៈពេល៣ថ្ងៃនេះនៅក្នុងជំរុំ សមាជិកនៅក្នុងជំរុំ នឹងមានឱកាសប្រាស្រ័យទាក់ទងគ្នា បង្កើតជាបណ្តាញទំនាក់ទំនងរវាងគ្នា និងគ្នាទៅថ្ងៃអនាគត មានឱកាសពត់លត់ដំ និង
បន្សាំខ្លួនជាមួយគ្រប់ស្ថានភាពរស់នៅប្រចាំថ្ងៃតាមរយៈការគិតពិចារណាគ្រប់ជ្រុងជ្រោយ
ដែលមានតម្លៃជារូបីយផង និងអរូបីយផង ជាពិសេសមហាសាមគ្គីរបស់អនាគតបញ្ញវន្ត
ដែល នឹងក្លាយជាទំពាំងស្នងឬស្សីប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងក្លាយជាកំលាំងចលករយ៉ាងសកម្មក្នុង
ចលនាកសាង និងការពារជាតិមាតុភូមិដែលមិនអាចឱ្យសត្រូវពីខាងក្រៅប្រមាថទានបានឡើយ។
បើតាមវិទ្យាស្ថានការបោះជំរុំនេះត្រូវបានធ្វើឡើងចំនួន៧លើករួចមកហើយគិតចាប់ទាំងឆ្នាំ២០២៤នេះពោលគឺជំនាន់ទី១នៅឆ្នាំ២០០៦ ជំនាន់ទី២ នៅឆ្នាំ២០០៨ ជំនាន់ទី៣ នៅឆ្នាំ២០១១ ជំនាន់ទី៤ នៅឆ្នាំ២០១៤ ជំនាន់៥ នៅឆ្នាំ ២០១៧ ជំនាន់ទី៦ នៅឆ្នាំ២០១៩ និងជំនាន់ទី៧ នៅឆ្នាំ២០២៤ នេះ ដែលកម្មវិធីកំពុងតែដំណើរការ៕