ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនល្មើសចំនួន៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១០គីឡូក្រាម នៅក្រុងសៀមរប ខេត្តសៀមរាប។
ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ លោកវរសេនីយ៍ទោ កើត រ៉ាវី និងលោកវរសេនីយ៍ទោ រឹម ម៉ិច នាយរងការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណី ជួញដូរ រក្សាទុករគ្រឿងញៀន នៅ៣គោលដៅផ្សេងជាបន្តបន្ទាប់ ៖ គោលដៅទី១- តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវបំបែកផ្សារក្រោម) ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប , គោលដៅទី២- ផ្ទះលេខ០២៥ ផ្លូវក្រុម១ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប និងគោលដៅទី- ផ្ទះគ្មានលេខ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៤នាក់៖ ១. ឈ្មោះ ផាន់ សុកជា ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ៦-សីហា-១៩៩១, ២.ឈ្មោះ ភា ភ័ក្រ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៨, ៣.ឈ្មោះ ចេក សុផល ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ៤-ឧសភា-១៩៩៨, ៤. ឈ្មោះ ជ្រឹង គឹមសៀង ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៩៤ ។
ចំណែក វត្ថុតាងចាប់បានរួមមាន ៖ សារធាតុញៀនប្រភេទគ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់សរុប១គីឡូក្រាម ៦៩០.៣៤ ក្រាម , សារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន៩ដុំទម្ងន់សរុប៨គីឡូក្រាម ៩៩៩.៧៦ ក្រាម សរុបគ្រឿងញៀនទាំងអស់មានទម្ងន់ ១០ គ.ក្រ ៦៩០.១ ក្រាម និងទូរស័ព្ទចំនួន ៦គ្រឿង។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមនីតិវិធី ៕