ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ជួយនាំស្ត្រីទាំងពីរនាក់ មកព្យាបាលជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដោយសារអ្នកទាំងពីរ មានជីវភាពខ្វះខាតខ្លាំង ពុំមានលទ្ធភាពព្យាបាល ដូនេះរាល់ការចំណាយ លើការព្យាបាល គឺត្រូវបានឧបត្ថម្ភទំនុកបម្រុង ។
យោងតាមបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្អូនស្រី ជេត ស្រីតា អាយុ៣១ឆ្នាំ និងប្អូន ជេត ស្រីមុំអាយុ៣២ឆ្នាំ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ប៉ុន្តែដោយមានជីវភាពខ្វះខាតខ្លាំង ពុំមានលទ្ធភាពព្យាបាល ហើយបច្ចុប្បន្នរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ដោយក្ដីមេត្តាករុណា ប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) នាំប្អូនស្រីទាំងពីរនាក់ មកព្យាបាលជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ ធ្វើឲ្យក្រុមគ្រួសាររបស់ប្អូនស្រីទាំងពីរ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណ ជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។
ក្នុងនោះ រាល់ការចំណាយលើការព្យាបាល គឺត្រូវបានឧបត្ថម្ភទំនុកបម្រុង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ៕
