កំពង់ធំ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋាន និងបញ្ជាគ្រឿងចក្រសាងសង់ នៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ។

សូមជម្រាបថា ពិធីបើកការដ្ឋានសាងសង់ នាពេលនេះមានការចូលរួមពីលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាច្រើននាក់។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការសាងសង់ និងអភិវឌ្ឍន៍អាងទឹកដងកាំបិតនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក ដើម្បីធានាផ្គត់ផ្គង់ទឹក សម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម នៅផ្នែកខាងក្រោម បង្កើនផលិតកម្មស្បៀង ព្រមទាំងធានាទឹក សម្រាប់ប្រើប្រាស់ ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ និង ក្នុងផ្នែកឧស្សាហកម្ម កសិកម្ម ដែលជាផ្នែកមួយជួយលើកស្ទួយ ដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខ ស្បៀងប្រកបដោយប្រសិទ្ធភាព ក្នុងដំណាក់កាល នៃការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករ ដែលរស់នៅក្នុងតំបន់គម្រោង សូមបន្តចូលរួម សហការ ឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការដោះស្រាយបញ្ហា ដែលកើតមានឡើងនានា ដើម្បីឱ្យការអនុវត្តគម្រោង អភិវឌ្ឍន៍អាងទឹកដង កាំបិតនេះ បានបញ្ចប់តាមផែនការ គ្រោងទុក ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ធានាបាននូវការផ្គត់ផ្គង់ទឹក ឱ្យបានគ្រប់គ្រាន់ដល់ការងារ ដាំដុះដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹក ដងកាំបិតត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងនោះមានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១ ១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១ ១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ។ ក្រោយការសាងសង់រួចប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ស្មើនឹង ៨៥ ៣០០នាក់ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ នឹងបានទទួលផលពីការអភិវឌ្ឍអាងនេះ៕





























