ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែង នៅស្ថានីយបូមទឹកលេខ១ នៃគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធស្រោចស្រពវ៉ៃគោ ជំហាន២ ដើម្បីអន្តរាគមន៍បូមទឹក សង្រ្គោះស្រូវប្រាំងជូនប្រជាកសិករ ។
លោកប្រធានមន្ទីរ បានឱ្យដឹងថា កិច្ចអន្តរាគមន៍បូមទឹកនៅស្ថានីយបូមទឹកលេខ១ នៃគម្រោងអភិវឌ្ឍន៍ប្រពន្ធ័ ស្រោចស្រពវ៉ៃគោ ជំហាន២ គឺប្រើម៉ូទ័របូមទឹក ពីប្រភពទឹកទន្លេតូច នៅពេលថ្ងៃ ចំនួន ២គ្រឿង និង ពេលយប់ ចំនួន៤គ្រឿង។ ក្នុងករណី ទឹកទន្លេតូចមានទឹកគ្រប់គ្រាន់ និងមានអគ្គិសនីផ្គត់ផ្គង់ គ្រប់ត្រូវបន្ថែមម៉ូទ័របូម ចំនួន ២គ្រឿងទៀត (ដែលមានមុខកាត់ ១,៦ម៉ែត្រ កំលាំង ៤៦០KW) សរុប ចំនួន ៦គ្រឿង ស្ថិតនៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា កិច្ចអន្តរាគមន៍បូមទឹកនេះ គឺដើម្បីបញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំង ដែលកំពុងជួបបញ្ហាខ្វះទឹក ចំនួន ៩ ៨៨៣ ហិកតា នៅ ១៣ឃុំ ក្នុងស្រុកចំនួន៣ នៃខេត្តព្រៃវែង ៕