កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានលើកឡើងថា វិស័យសុខាភិបាល ជាវិស័យមួយមានអទិភាពខ្ពស់ ក្នុងការចូលរួមចំណែក កាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
លោកអភិបាលរងខេត្តបានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់មន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម ។
បើតាមមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា ការរៀបចំសិក្ខាសាលាបូកសរុបសមិទ្ធិផលការងារនេះ ក្នុងវត្ថុបំណងវាស់វែងគូសរំលេច នូវជំហានវឌ្ឍនភាព នៃកិច្ចខិតខំខ្នះខ្នែងសម្រេចគោលដៅភារកិច្ច រយៈពេល១ឆ្នាំកន្លងទៅ និងរួមគ្នាឆ្លុះបញ្ចាំងដកស្រង់មេរៀនបទពិសោធន៍ អំពីចំណុច ខ្លាំង ខ្សោយ ឈានទៅកសាងផែនការប្រតិបត្តិសម្រាប់ឆ្នាំ ២០២៤ ដែលជាបន្ទាត់ណែនាំសកម្មភាព ឈានឆ្ពោះទៅបង្កើនសក្តានុពល ការគ្រប់ដណ្តប់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសមធម៌ ។
អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានមានប្រសាសន៍ថា នេះគឺជាការប្រជុំមួយដ៏មានសារៈសំខាន់ សម្រាប់វិស័យសុខាភិបាលរបស់រដ្ឋបាលខេត្តកំពង់ចាមយើង ដើម្បីឆ្លុះបញ្ចាំងថាតើយើងបានបង្កើនវឌ្ឍនភាពអ្វីខ្លះ អំពីការងារដែលយើងបានខិតខំប្រឹងប្រែងរួមគ្នា ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ធនធានបញ្ញាស្មារតី ក្នុងរយៈពេលមួយឆ្នាំ ដែលធ្វើឲ្យយើងអាចទទួលបាន នូវសមិទ្ធផល ជាច្រើនសម្រាប់ខេត្តកំពង់ចាមរបស់យើង ក្នុងវិស័យសុខាភិបាលនេះ ហើយកក្តាទាំងអស់នោះ សុទ្ធតែបានកើតឡើងពីភាពទទួលខុសត្រូវ ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា វិស័យសុខាភិបាល គឺជាវិស័យមួយដែលខុសគេ ពោលគឺ ប្រសិនបើមានសម្ភារៈហើយ គ្មានធនធានមនុស្សក៏លំបាក គឺខុសពីគ្រូបង្រៀន ដែលពួកគាត់ប្រើតែដីសនិងក្តារខៀន គឺអាចបង្រៀនបាន ប៉ុន្តែវិស័យសុខាភិបាលនេះ គឺជាវិស័យមួយដែលមានអទិភាពខ្ពស់ ហើយបានចូលរួមចំណែកក្នុង ការកាត់បន្ថយនូវភាពក្រីក្រ ហើយនិងផ្ដល់ឱ្យប្រជាពលរដ្ឋ នូវសុខភាព និងសុខមាលភាពល្អ ដើម្បីជាកត្តាចម្បងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ។ ដូច្នេះហើយទើបពីមួយឆ្នាំ ទៅមួយឆ្នាំ មន្ត្រីសុខាភិបាលរបស់យើង បានផ្លាស់ប្ដូរការគិត និងរបៀបធ្វើការងារផងដែរ នូវអ្វីដែលថ្មី រហូតដល់ទទួលបានទទួលលទ្ធផលល្អប្រសើរដូចបច្ចុប្បន្ននេះ ៕