ព័ត៌មានជាតិ

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគ ដែលគិតគូរដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស

ភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ពីការគាំទ្រដល់ការសិក្សាបង្កើតរោងចក្រចំណីសត្វ ដែលផ្តួចផ្តើមក្នុងការគ្រប់គ្រង និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ក្នុងឱកាសទទួលជួប លោក Andrew Mason, នាយកប្រតិបត្តិ ក្រុមហ៊ុន AgCo Tech Australia Pty Ltd របស់ប្រទេសអូស្រ្តាលី នាទីស្តីការក្រសួងបរិស្ថាន លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុន AgCo Tech យកចិត្តទុកដាក់លើ ការសិក្សាលទ្ធភាពអនុវត្តគម្រោង វិនិយោគលើការផលិតចំណីសម្រាប់ សត្វពាហនៈ ដើម្បីជួយបង្កើនផលិតផលក្នុងស្រុក និងរួមចំណែកដល់ការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមកាត់បន្ថយឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ឧស្ម័នមេតាន ដែលបានកាត់បន្ថយ គឺជាឥណទានកាបូនដ៏សំខាន់ ស្របតាមការអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ៕

To Top