ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា ប្រព័ន្ធរំដោះទឹកកខ្វក់គឺជាកិច្ចការសំខាន់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង ឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព ។
សម្តេចធិបតី បានលើឡើង តាមបណ្តាញសង្គម ថា “ប្រព័ន្ធរំដោះទឹកកខ្វក់ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ ។ ប្រព័ន្ធរំដោះទឹកកខ្វក់គឺជាកិច្ចការសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សា” ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្ម ដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំផែនការមេ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីក នូវប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់៕