ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ កុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ឬ ស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ជាមធ្យោបាយផ្តាច់បារី។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ បានឱ្យដឹងថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចណ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា «ផលិតផលទាំងនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត»។
ក្រសួងសុខាភិបាល មានការព្រួយបារម្ភ ចំពោះផលិតផលបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ភាគច្រើនមានរចនាបទយ៉ាងស្រស់ស្អាតមានភាពទាក់ទាញយុវវ័យក្នុងការ សាកល្បងប្រើប្រាស់ ហើយមានជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថា «ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាង បារីធម្មតា ផ្ទុយទៅវិញ បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ពិតជាមានផលប៉ះពាល់ ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម»។
ក្រសួងសុខាភិបាល បញ្ជាក់ថា «សូមអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង សូម្បីតែមួយដងនូវផលិតផលខាងលើនេះ និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ឬ ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី ជាមធ្យោបាយផ្តាច់បារី។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាម ការណែនាំខាងលើនេះ ដើម្បីចៀសវាងនូវការញៀនដែលធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងបង្កគ្រោះ ថ្នាក់ដល់សង្គម ដោយការប្រើប្រាស់បារី អេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី»៕