ព័ត៌មានជាតិ

លោក ឈុន ពុទ្ធារិទ្ធ​ អគ្គនាយកបច្ចេកទេស នៃក្រសួងធនធានទឹក និង​ឧតុនិយម​ ចុះអន្តរាគមន៍បញ្ជូនទឹក​សង្រ្គោះស្រូវប្រាំងប្រជាកសិករ ​ក្នុងខេត្តតាកែវ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ​ ទី​៤​ ខែកុម្ភៈ ឆ្នាំ​២០២៤​ លោក ឈុន ពុទ្ធារិទ្ធ​ អគ្គនាយក នៃអគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស​ ក្រសួងធនធានទឹក និង​ឧតុនិយម​ អមដោយ​​លោក​ ថាំង វីយុទ្ធដា​ ប្រធាន​នាយកដ្ឋានធារាសាស្ត្រកសិកម្ម​ និង​​មន្ត្រី​ជំនាញ​ក្រសួង​ ដោយមានកិច្ចសហការជាមួយលោក​ ប៊ុន ហួ​ ប្រធាន​មន្ទីរធនធានទឹក និង​ឧតុនិយមខេត្តតាកែវ និង​​លោក ប្រាក់ ឡាក់ ប្រធាន​មន្ទីរធនធានទឹក និង​ឧតុនិយមខេត្តកណ្ដាល​ ព្រម​ទាំង​អាជ្ញាធរមូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​បញ្ជូន​​ទឹក​សង្គ្រោះស្រូវរដូវប្រាំងរបស់​​បង​ប្អូន​​ប្រជាកសិករ ចំនួន ៩ឃុំ​ នៃ​ស្រុកបាទី ក្នុង​ខេត្តតាកែវ។

សូមជម្រាបថា​ កាលពីសប្តាហ៍កន្លងទៅ ​​ក្រុមការងារក្រសួង និង​​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្ត​តាកែវ ​​សហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន​បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់​ប្រជាកសិករ​ ក្នុងឃុំពត់សរ​ ឃុំក្រាំងធ្នង់​ ឃុំកណ្តឹង​ ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំពារាម ឃុំចំបក់ ឃុំដូង និងឃុំត្នោត ក្នុងស្រុកបាទី ខេត្តតាកែវ ចំនួន ៤០៥០ហិកតា​ ដែល​ប្រឈម​ខ្វះទឹក ​ដោយបាន​ប្រើប្រាស់ស្ថានីយ​បូមទឹក​ចំនួន៤ ម៉ាស៊ីន​​បូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង និងអេស្កាវ៉ាទ័រចំនួន ២គ្រឿង ដើម្បី​កាយ​នាំទឹក។

លោកអគ្គនាយក​ បានឱ្យដឹងថា​​​ ផែនការបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកបាទីមានចំនួន ២ ០០០​ហិកតា ប៉ុន្តែជាក់ស្តែងបងប្អូនប្រជាពលរដ្ឋធ្វើស្រែប្រាំងរហូតដល់ ៤ ០៥០ហិកតា ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​​​ប្រភព​ទឹកពី​បឹង​ទន្លេ​បាទីមានកម្រិត​ទឹក​​ទាប​ ​​មិនគ្រប់គ្រាន់សម្រាប់បញ្ជូនទៅតាម​ប្រឡាយ​ហនុមាន​​​ ដើម្បី​អន្តរាគមន៍សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈមខ្វះទឹកនោះទេ​ តម្រូវ​ឱ្យ​មាន​កិច្ច​​អន្តរាគមន៍បើកទឹក​​ពីទំនប់តាសាលទំលាក់​មក​ជួយ​បន្ថែម​ទៀត​។

ជាកិច្ចអន្តរាគមន៍ជាក់ស្តែង​ លោក​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៤​ បាន​បញ្ជា​ឱ្យ​បើក​ទ្វារទឹក​ទំនប់តាសាល​ ដើម្បីបញ្ជូន​ទំលាក់មកទំនប់រលាំងជ្រៃ​​សម្រាប់ប្រជាពលរដ្ឋ​ក្នុងក្រុង​ច្បារ​មន​ ស្រុកសំរោងទង និងស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ប្រើប្រាស់សម្រាប់ជីវភាព​ប្រចាំ​ថ្ងៃ​ និង​ស្រោច​ស្រព​ផលដំណាំ​ និង​​​បញ្ជូនបន្ត​តាមស្ទឹងព្រែកត្នោត​មកទំនប់​៧មករា​កំពង់ទួល ដើម្បី​បញ្ជូនបន្តតាមប្រឡាយ ៧៨​ ចូលអាងទន្លេបាទី​​។

លោកអគ្គនាយកបានបញ្ជាក់ថា​ ពេលនេះ​ទឹកបានធ្លាក់មកដល់ទំនប់៧មករា​កំពង់ទួល​ ហើយ​ក្រុម​ការ​ងារ​​​កំពុងដើរបិទទ្វារទឹកតាមសណ្តប្រឡាយ៧៨​ និង​បាន​​លើកទ្វារ​ទឹក​នៅខាង​ចុងប្រឡាយ៧៨​ ​ដើម្បី​បញ្ជូន​​ចូលអាងទន្លេបាទី ​​រួច​បញ្ជូនចេញទៅប្រ​ឡាយ​ហនុមាន​ បម្រើ​ការ​ស្រោចស្រព​ផ្ទៃ​ដី​ស្រូវ​ប្រាំង​ប្រជាពលរដ្ឋក្នុង​ឃុំ​ចំនួន៩​ នៃស្រុកបាទី​ ចំនួន ​៤០៥០ហិកតា​ ​និងដំណាំរួមផ្សំ​ ក៏​ដូចជា​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ៕

To Top