ព័ត៌មានជាតិ

អាជ្ញាធរស្រុកកណ្ដៀង ធានាអះអាងថា លោក កែវ រតនៈ ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ

ភ្នំពេញ៖ អាជ្ញាធរស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានចេញមុខធានាអះអាងថា លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ។

ការធានាអះអាងនេះ ធ្វើឡើងបន្ទាប់ពីកាលពេលកន្លងទ ថ្មីៗនេះ សារព័ត៌មាន ឌឺខាំបូរឌាដេលីខ្មែរ (The Cambodia Daily Khmer) បានចុះផ្សាយថា ពលរដ្ឋ ចោទរដ្ឋមន្ត្រីក្រសួងរ៉ែ រំលោភកាន់កាប់ អភិរក្សបឹងទន្លេសាបក្នុងតំបន់៣ ជាច្រើនរយហិកតា។

តាមរយៈសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃ៤ កុម្ភៈ បានបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មាន និងការប្រឌិតព័ត៌មានដែល បានចោទ រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែកំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់រយហិកតា ដោយការឃុបឃិតគ្នា ជាមួយអាជ្ញាធរខេត្តជាប្រព័ន្ធ។

ផ្ទុយទៅវិញ អាជ្ញាធរស្រុកធានាអះអាងថា “លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ”។

រដ្ឋបាលស្រុកបន្ថែមថា ប្រជាជនក្នុងមូលដ្ឋាន ស្រុកកណ្តៀងទាំងមូល និងនិយាយដោយឡែកប្រជាជនក្នុងឃុំកញ្ជរ មានការគោរព ស្រឡាញ់ និងគាំទ្រយ៉ាងពេញទំហឹង នូវការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកកែវ រតនៈជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀងនាពេលកន្លងមក។

ម៉្យាងទៀត លោក កែវ រតនៈ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា អភិរក្សធនធានធម្មជាតិ ដោយពុំអនុញ្ញាតឲ្យជនខិលខូចណា ឆ្លៀតឱកាសក្នុងការរុករានទន្ទ្រានដីតំបន់៣ ខុសច្បាប់ឡើយ និងគិតគូរពីសុខទុក្ខ លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រមទាំងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ។

រដ្ឋបាលស្រុកកណ្ដៀង ស្នើដល់អង្គភាពជំនាញពាក់ព័ន្ធ បើកការស៊ើបអង្គេត ស្រាវជ្រាវ ស្វែងរកមុខជនល្មើស រួមទាំងបក្ខពួក និងមេខ្លោង យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការភ័ន្តច្រឡំ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់លើការដឹកនាំ និងកិត្តិយស ដល់ថ្នាក់ដឹកនាំខេត្ត ពិសេសសេចក្តីថ្លៃថ្នូររបស់លោក កែវ រតនៈ។

ដូច្នេះ សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម កុំមានការយល់ច្រឡំ និងកុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីជៀសវាងបង្កការលំបាក ក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ និងអាចប្រឈមមុខចំពោះផ្លូវច្បាប់ ៕

To Top