ភ្នំពេញ៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា អំឡុងជួបវិបត្តិផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញកញ្ចប់ថវិកាជាតិជាង ១៤០០លានដុល្លារ សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញជាអធិបតីបើក សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច នាថ្ងៃ៥ កុម្ភៈ លោករដ្ឋមន្ដ្រី ជា សុមេធី បានថ្លែងថា ក្រសួ អនុវត្តកិច្ចអន្ដរាគមន៍ នូវជំនួយសង្គមចំនួន៥ ក្នុងដំណាក់កាល នៃការកើតមាននូវវិបត្តិផ្សេងៗ មានដូចជា៖

ទី១-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ម៉ឺននាក់ ចំណាយថវិកា ៣២លានដុល្លារ។ កម្មវិធីនេះ ជាកម្មវិធីអចិន្ត្រៃយ៍។
ទី២-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយអនុវត្តបាន ចំនួន៤២លើក គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ និងបានបើកផ្ដល់ដល់គ្រួសារក្រីក្រក្នុងវង្វង់ ៧១ម៉ឺនគ្រួសារ ដោយចំណាយថវិកាអស់ប្រមាណជាង ១,៣០៦លានដុល្លារ។

ទី៣-ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ ២០២១» ដែល បានអនុវត្តពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ និងបានបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបានបើកផ្ដល់ដល់អ្នកទទួលផលចំនួន ១២៩,៦៦៦គ្រួសារ ដោយចំណាយថវិកាចំនួន ៦.៦៨លានដុល្លារ។
ទី៤-កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះទឹកជំនន់ ដែលបានអនុវត្តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបើកផ្ដល់ដល់អ្នកទទួលផលសរុបចំនួន ៩៩,១៦៩គ្រួសារ ដោយចំណាយថវិកាសរុប ១១.៧០លានដុល្លារ។

និងទី៥-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែល បានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥,៣០៧គ្រួសារ ដោយចំណាយថវិកាចំនួន ៤៤លានដុល្លារ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីឲ្យដឹងទៀតថា បច្ចុប្បន្នក្រសួងកំពុងដើរតួនាទីដ៏សំខាន់អនុវត្ត «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលប្រកាសដាក់អនុវត្តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

