ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តែងតែចាត់ទុកប្រជាពលរដ្ឋទាំងអស់ ជាគ្រួសារតែមួយ មិនដែលប្រកាន់ និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរ ឬឋានៈសង្គមឡើយ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុក ឈ្មោះ «Than Sothea» បានសរសេរសំណេរ ដោយចោទប្រកាន់ លោកអភិបាលខេត្តពោធិ៍សាត់ ថាបែងចែកបក្ខពួក ក្នុងការបែងចែកទឹកធ្វើស្រែប្រាំង។
តាមរយៈសេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម របស់គណនីហ្វេសបុកឈ្មោះ Than Sothea ដែលមានខ្លឹមសារថា ស្រូវនៅពោធិ៍សាត់មួយហិកតា៨តោនគ្មានខ្វះមួយខាំ ចៅហ្វាយខេត្តនិងបក្ខពួកនាំគ្នា ធ្វើស្រែរាប់រយហិកតា ចុះជនធម្មតាមានទឹក ឯណាបូមដាក់ស្រែ។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់បកស្រាយថា ការធ្វើផលិតកម្មដំណាំស្រូវរបស់ពលរដ្ឋក្នុងខេត្ត ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងពីទំនប់ស្តុក ទឹកនៅតំបន់ខាងលើនៃខេត្ត (ក្នុងស្រុកភ្នំក្រវាញ) ដែលអាចផ្គត់ផ្គង់ សម្រាប់ដំណាំស្រូវប្រមាណ ២០.០០០ហិកតា។ ឆ្នាំនេះដោយមានភាពអំណោយផលលើតម្លៃស្រូវ ធ្វើឲ្យពលរដ្ឋសម្រុកធ្វើ ផលិតកម្មស្រូវមានការកើនឡើង ពោលគឺប្រមាណជាង ៥៥.០០០ហិកតា ក្នុងពេលដែលផែនការ អនុវត្តចំនួន ២០.០០០ហិកតាតែប៉ុណ្ណោះ។
ក្នុងនោះ កំណើននៃការផលិតដែលពុំធ្លាប់មាននេះ ធ្វើឲ្យការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់អាងទឹកខាងលើ ពុំអាចឆ្លើយតបទៅនឹងតម្រូវការនៃការផលិតរបស់ពលរដ្ឋឲ្យបានគ្រប់គ្រាន់ និងពេញលេញ។ តាំងពីដើមមក ពិសេសក្នុងដំណាក់កាលដែលខេត្តពោធិ៍សាត់ប្រឈមកង្វះខាតទឹកក្នុងការស្រោចស្រពលោកអភិបាលខេត្ត តែងតែចុះអន្តរាគមន៍ដោយផ្ទាល់ និងបានធ្វើការណែនាំបែងចែកលទ្ធភាព នៃការផ្គត់ផ្គង់ទឹកប្រកបដោយសមធម៌ និងបរិយាបន្ន ហើយប្រជាពលរដ្ឋទូទៅបានសាទរចំពោះចំ ណាត់ការ ដែលជាដំណោះស្រាយជាក់ស្ដែង និងសមរម្យបំផុត ទោះបីពួកគាត់ទទួលរងផលប៉ះពាល់ពី កង្វះខាតទឹកក្តី។
លិខិតរបស់រដ្ឋបាលខេត្តបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Than Sothea ថា “ចៅហ្វាយខេត្តនិងបក្សពួកនាំគ្នាធ្វើ ស្រែរាប់រយហិកតា ចុះជនធម្មតាមានទឹកឯណាបូមដាក់ស្រែ នោះគឺជាការផ្សព្វផ្សាយបែបអគតិ ញុះញង់ ធ្វើឲ្យមានការរើសអើង និងបំពុលបរិយាកាសសង្គម ព្រោះជានិច្ចកាលលោកអភិបាលខេត្តតែងតែចាត់ទុកប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តពោធិ៍សាត់ជាគ្រួសារតែមួយ មិនដែលប្រកាន់ និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរ ឬឋានៈសង្គមឡើយ” ។
ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បដិសេធចំពោះព័ត៌មានដែលបានចុះផ្សាយ ផ្ទុយពីការពិតជាក់ស្ដែង ក្នុងន័យបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងបរិហារកេរ្ដិ៍លោកអភិបាលខេត្តដែលតែងតែយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ មិនថាយប់ មិនថាថ្ងៃឡើយ៕