ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានប្រកាសថ្លែងអំណរគុណយ៉ាងកក់ក្តៅដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការស្នើសុំឱ្យរាជរដ្ឋាភិបាលថៃបញ្ចុះតម្លៃទិដ្ឋការជូនពលករខ្មែរ។
ការចេញសារថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
លោកម៉ៃ វណ្ណៈ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តនគររាជសីម៉ា ប្រទេសថៃ បានលើកឡើងថា៖«ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចបវរធីបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃឱ្យជួយបញ្ចុះតម្លៃវីសាពី១៩០០បាត មក៥០០បាត ជូនដល់បងប្អូនពលករខ្មែរយើង»។
លោក យន់ សៃធូ ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តសារៈបុរី ប្រទេសថៃក៏បានលើកឡើងដែរថា៖«សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចបវរធីបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃឱ្យជួយបញ្ចុះតម្លៃវីសាពី១៩០០បាត មក៥០០បាត ជូនដល់បងប្អូនពលករ ខ្មែរយើង។ ជាចុងក្រោយ ខ្ញុំបាទ/នាងខ្ញុំ សូមគោរពជូនពរសម្តេចមហាបវរធិបតី ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចនេះ»។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជាបានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថេរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕




