កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំ ក្រុមការងារ មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ នូវដំណើរការសាងសង់ ទីលានចាក់សំរាមថ្មី នៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោក សែម ចន្តា អ្នកគ្រប់គ្រងការសាងសង់ ទីលានចាក់សំរាមថ្មី នោះ បានឲ្យដឹងថា គម្រោងសាងសង់ទីលាន ទុកដាក់សំរាមថ្មីនេះ សាងសង់លើផ្ទៃដី ទំហំ ៨.១៣ ហិកតា ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤ អាង .សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែង ជាង ២,០០០ ម៉ែត្រ និង សាងសង់ផ្លូវបេតុង នៅក្នុងទីលាន ជាង ១,០០០ ម៉ែត្រ សាងសង់ច្រកចូល និងរបង . មានអាគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ ជាន់ . កន្លែងថ្លឹងរថយន្ត អាគារ សម្រាប់ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាក សំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក កន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជាកំប៉ុស រណ្ដៅទុកដាក់សំរាម សំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពល អគ្គិសនីព្រះអាទិត្យផងដែរ។

លោក សែម ចន្តា បានបញ្ជាក់ថា គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន . និង ធេឡិចទ្រិច ខូអិលធីឌី គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ៕

