ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា គោលនយោបាយ របស់រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព របស់ប្រជាជន។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល ប្ដេជ្ញាបន្ដអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្ដុំដោយប្រសិទ្ធិភាព និងចីរភាព ហើយឈរលើស្មារតីមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ តាមរយៈកិច្ចអន្ដរាគមន៍របស់រាជរដ្ឋាភិបាល លើគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។
សម្ដេចធិបតី មានប្រសាសន៍ថា «គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសយើង មានបានកាន់តែរីកចម្រើន តាមរយៈការធ្វើឱ្យប្រជាពលរដ្ឋយើង មានភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរបស់យើង»។
សម្ដេចធិបតី បន្ដថា ការដាក់ចេញនយោបាយ ឈ្នះ ឈ្នះ នេះ ដើម្បីបញ្ចប់សង្គ្រាមទទួលបានសន្ដិភាព និងការឯកភាពជាតិ ពេញលេញ គឺជាការបង្កើន បរិស្ថានចាំបាច់ ដែលអាចឱ្យកម្ពុជា អនុវត្តជោគជ័យនូវ យុទ្ធសាស្ដ្រត្រីកោណ ឬយុទ្ធសាស្ដ្របញ្ចកោណ។ សម្ដេច គូសបញ្ជាក់ថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាង ៥០ភារយ នៃឆ្នាំ១៩៩៧ ចុះមកដល់ ១៧ភារយ នៃឆ្នាំនេះ ដែលកើនបន្ដិច ខណៈមុនកូវីដ-១៩ បានទាបជាងនេះបន្ដិច។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ៧ភាគរយ តាំងពេលកម្ពុជាបានសុខភាពសន្ដិភាព រហូតដល់ កូវីដ-១៩ បានន័យថា «ជីវភាពប្រជាជនកម្ពុជា មានរីកចម្រើន»៕