ព័ត៌មានជាតិ

គណបក្សកាន់អំណាច ស្នើតុលាការអនុវត្តច្បាប់ ចំពោះបុគ្គលជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ប្រព្រឹត្តិខុសច្បាប់

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅកម្ពុជា បានស្នើទៅកាន់តុលាការឲ្យអនុវត្តច្បាប់ ចំពោះបុគ្គលជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា នាថ្ងៃ៦ កុម្ភៈ ។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់ខ្លួន បានដាក់ពាក្យប្ដឹងលោក ស៊ឹង សែនករុណា អនុប្រធានសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យផ្តន្ទាទោសតាមផ្លូវច្បាប់ និងទាមទារសំណងចំនួន២ ០០០ ០០០ ០០០ (ពីរពាន់លាន) រៀល​ពាក់ព័ន្ធទៅនឹងការប្រមាថមកលើគណបក្ស។

យោងតាមសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាដដែលក៏បានប្រកាសជាឱឡារិក និងគាំទ្រយ៉ាងពេញទំហឹង ចំពោះពាក្យបណ្តឹង របស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្តឹងទៅព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ៥ កុម្ភៈលើឈ្មោះ ស៊ឹង សែនករុណា ពីបទ «ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនា ទំលាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់ បង្កើតឲ្យមានការស្អប់ខ្ពើម រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិត ធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹង ប្រព្រឹត្តទៅនាចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ» ។

សេចក្តីថ្លែងការណ៍ ដដែលបន្ថែមថា នៅបណ្តាប្រទេសលើពិភពលោក ដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ គឺមិនអាចមិនអនុវត្តច្បាប់បានឡើយ ហើយប្រព័ន្ធតុលាការ គឺត្រូវតែមានដើម្បីដោះស្រាយរាល់វិវាទទាំងឡាយ ។ ដោយឡែក ចំពោះកម្ពុជា ក៏ដូចគ្នាដែរ មិនអាចយកបញ្ហានយោបាយមកលាយឡំ ជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់​ខ្លួនដែរ ។ ជាក់ស្ដែងការនិយាយមួលបង្កាច់ បំផ្លើសការពិត លាបពណ៌ ធ្វើឲ្យប៉ះពាល់មុខមាត់ កិត្តិយស សេចក្តី ថ្លៃថ្នូររបស់បុគ្គល អ្នកនយោបាយ គណបក្សនយោបាយ មិនមែនជាសិទ្ធិបញ្ចេញមតិអនុញ្ញាតដោយច្បាប់ នោះឡើយ ។

ក្នុងនាមជាអ្នករងគ្រោះ ពីការប្រមាថមើលងាយ និងមួលបង្កាច់យ៉ាងអយុត្តិធម៌ពីបុគ្គល ស៊ឹង សែនករុណា គណបក្សប្រជាជនកម្ពុជា គាំទ្រចំពោះពាក្យបណ្ដឹង ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសំណូមពរឲ្យដោះស្រាយរកយុត្តិធម៌ឲ្យគណបក្សប្រជាជនកម្ពុជា ស្របតាមការទាមទាររបស់ក្រុមមេធាវី ៕

To Top