ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤បានស្នើឲ្យគណៈកម្មការទាំងឡាយ និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋកំឡុងពេលមានគ្រោះរាំងស្ងួត ការពុលអាហារ និងជំងឺរាគរូសដែលបណ្តាលមកពីកង្វះទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ។
លោកថា ក្នុងនោះក៏ត្រូវត្រៀមរៀបចំឲ្យបានទាន់ពេលវេលា ជាពិសេសឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឲ្យបានគ្រប់គ្រាន់។
ជាមួយគ្នានេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើការប្រើប្រាស់ឱសថ ត្រូវពិនិត្យបានត្រឹមត្រូវជៀសវាងការទុកឱសថហួសសុពលភាពប្រើប្រាស់ ដោយកន្លងមកនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន អាចគ្រប់គ្រងឱសថដែលមិនឲ្យផុតកំណត់សុពលភាព សូម្បីតែមួយគ្រាប់។
ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរ និងថ្លែងអំណរគុណ កោតសរសើដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងមក ដោយបន្តអនុវត្តសកម្មភាពបែបនេះឲ្យល្អរហូតដូចភ្លៀងរលឹម៕










