ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឲ្យគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៅថ្នាក់ខណ្ឌ សង្កាត់ ត្រូវដឹងពីតួនាទីនិងភាកិច្ចរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍សមត្ថភាព និងលើកកំពស់ការអនុវត្តតួនាទីភារកិច្ចរបស់ គ ក ស ក ខណ្ឌ និង គ ក ន ក សង្កាត់ កាន់តែប្រសើរឡើង ។
ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ និងជោគជ័យ គួរជាទីមោទកនាឆ្នាំ២០២៣កន្លងមក។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី សម្រេចបានលទ្ធផលយ៉ាងធំធេង ទាំងនយោបាយនិងសេដ្ឋកិច្ច។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យលទ្ធផលដែលសម្រេចបាន រកចំណុចខ្លាំង ចំណុចខ្សោយ ចងក្រងប្រមូលផ្តុំ ជាទិន្នន័យ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព។
ក្នុងនោះដែរ លោក ម៉ប់ សារិន បានធ្វើការណែនាំថា “គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ បន្តបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទៅខណ្ឌ សង្កាត់ទាំង១០៥ ដើម្បីឲ្យមន្ត្រីរបស់យើងអនុវត្តការងារ ដោះស្រាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានអោយកាន់តែល្អប្រសើរ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៅថ្នាក់ខណ្ឌ សង្កាត់ ត្រូវតែដឹងពីតួនាទីនិងភាកិច្ចរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍សមត្ថភាព និងលើកកំពស់ ការអនុវត្តតួនាទី ភារកិច្ចរបស់ គ ក ស ក ខណ្ឌនិង គ ក ន ក សង្កាត់ កាន់តែប្រសើរឡើង ។
ជាមួយគ្នានេះ លោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា កាន់តែមានភាពរឹងមាំ គឺពិតជាបានមកពីការយកចិត្តទុកដាក់ ពីប្រមុខរដ្ឋាភិបាល ពិសេសនៅពេលមានគ្រោះអាសន្នណាមួយកើតឡើង៕