ភ្នំពេញ៖ លោកស្រី Rachel Thomson នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈឆ្នាំ២០២៤នេះ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ការថ្លែងយ៉ាងដូចនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ជូនសមភាគីADBពីផែនការជាយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ច្បាស់លាស់ស្របតាមស្តង់ដារដែលមានគុណវុឌ្ឍនិនៃការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យជាងមុនដើម្បីលើកស្ទូយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ ក្រោយការបង្ហាញពីចក្ខុវិស័យ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួង សមាជិកគណៈកម្មាធិការនាយករបស់ADBរូបនេះ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱ្យកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសំឡឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។
ដោយឡែកលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ភាគីADBលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះADBដែលតែងតែជួយឧបត្ថមគាំទ្រដល់ក្រសួងតាំងពីដើមកន្លងមក។
យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីADB បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីថា ធនាគារអភិវឌ្ឍអាស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើផែនការអាទិភាពរបស់ខ្លួនដើម្បីបន្តលើកកម្ពស់និងវឌ្ឍនភាពចំពោះវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀត៕