ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ឱ្យបន្តនិរន្តរភាពអ្វីដែលមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។
ការណែនាំបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសុរិយោដីនិងភូមិសាស្រ្ត ការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារដោះស្រាយវិវាទដីធ្លី ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។
គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងបានចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦,៩៤៥,០៦៩បណ្ណ ស្មើនឹង ៩៩,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី នៅក្នុងភូមិចំនួន ៧,៥០៨ នៃឃុំចំនួន៦៥០ នៃក្នុងក្រុងស្រុកចំនួន ៣០ទូទាំងប្រទេស តាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។
គិតចាប់ពីពេលផ្តើមអនុវត្ត ដល់ខែកក្កដា ឆ្នាំ២០២៣ ក្រសួងបានដោះស្រាយវិវាទដីធ្លីតាមរយៈទាំង ៣យន្តការ ដោយបានដោះស្រាយបញ្ចប់នីតិវិធីចំនួន ១១,២៧៥ ពីក្នុងពាក្យបណ្តឹងសរុបចំនួ ១៤,៨១៤ករណី និងកំពុងដោះស្រាយជាបន្តបន្ទាប់ទៀត។ ក្រៅពីនេះក្រសួងក៏សំរេចបាននូវលទ្ធផលការងារល្អប្រសើរជាច្រើនទាក់ទិននឹងការងារសុរិយោដី និងភូមិសាស្រ្ត និងការងាររៀបចំដែនដី នគរូបនីយកម្មផងដែរ។
ក្រោយស្តាប់របាយការណ៍របស់អគ្គនាយកដ្ឋាន លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានណែនាំឱ្យក្រុមការងារទាំងអស់ត្រូវរៀបចំ និងការពារឱ្យបាននូវការរៀបចំដែនដី ទន្លេ សមុទ្រដោយត្រូវការពារ និងអភិវឌ្ឍបន្ថែម ពន្លឿនការចុះបញ្ជីដីរដ្ឋ និងប្លង់គោលប្រើប្រាស់ដីរដ្ឋ សហការជាមួយអន្តរក្រសួង ដើម្បីធ្វើផែនទីឯកភាពរួមសំរាប់ថ្នាក់ជាតិចុះបញ្ជីដីរដ្ឋឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស បើកទូលាយនិងសហការជាមួយក្រុមហ៊ុនដៃគូដែលមានវិជ្ជាជីវៈដើម្បីពន្លឿនការចុះបញ្ជី បែងចែកក្រុមការងារ ដើម្បីជំរុញការងារដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័ស និងរៀបចំប្រព័ន្ធទិន្នន័យឯកសារជាតិដើម្បីរក្សាទុកឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ៕