ហ្សឺណែវៈ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែការពារសេរីភាពនៃការបញ្ចេញមតិរបស់ចៅក្រម ជាពិសេសលើបញ្ហាសំខាន់ៗ ដែលគំរាមកំហែងដល់ឯករាជ្យភាពរបស់តុលាការ ឬប៉ះពាល់ដល់ការគ្រប់គ្រងយុត្តិធម៌។
លោកស្រី Margaret Satterthwaite អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីឯករាជ្យភាពនៃចៅក្រម និងមេធាវីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលលោកស្រី Anita Earls ដែលជាចៅក្រមតុលាការកំពូលនៅរដ្ឋ North Carolina ត្រូវបានស៊ើបអង្កេត សម្រាប់ការទាក់ទាញការយកចិត្តទុកដាក់ ចំពោះតួនាទីដ៏មានសក្តានុពលដែលលំអៀងដោយផ្អែកទៅលើពូជសាសន៍ យេនឌ័រ និងទំនាក់ទំនងនយោបាយក្នុងការសម្រេចចិត្តរបស់តុលាការ។
អ្នកជំនាញបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូចប្រជាពលរដ្ឋដទៃទៀតដែរ ចៅក្រមមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប្រសិនបើពួកគេប្រព្រឹត្តតាមរបៀប ដែលរក្សានូវសេចក្តីថ្លៃថ្នូរនៃការិយាល័យរបស់ពួកគេ និងភាពមិនលំអៀង និងឯករាជ្យភាពរបស់តុលាការ”។
លោកស្រីបានកត់សម្គាល់ថា “ចៅក្រមមិនគួរប្រឈមមុខនឹងការស៊ើបអង្កេតវិន័យ ចំពោះការនិយាយអំពីបញ្ហាផលប្រយោជន៍សាធារណៈដ៏សំខាន់ក្នុងសង្គមប្រជាធិបតេយ្យនោះទេ”។
នៅក្នុងបទសម្ភាសន៍មួយក្នុងខែមិថុនា ឆ្នាំ២០២៣ លោកស្រី Justice Earls ដែលជាស្ត្រីជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកតែមួយគត់នៅតុលាការកំពូលនៃរដ្ឋ North Carolina បាននិយាយអំពីកង្វះភាពចម្រុះជាតិសាសន៍ និងយេនឌ័រក្នុងចំណោមអ្នកតស៊ូមតិដែលកំពុងជជែកតវ៉ានៅមុខតុលាការ កង្វះភាពចម្រុះជាតិសាសន៍ក្នុងចំណោមក្រឡាបញ្ជីចៅក្រម និង ឥទ្ធិពលនៃភាពលំអៀងដោយប្រយោលលើការប្រព្រឹត្តិរបស់តុលាការលើអ្នកតស៊ូមតិ ដែលជាស្ត្រី ឬមនុស្សមានពណ៌សម្បុរ៕ ប្រែសម្រួល ឈូក បូរ៉ា