ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ។
យោងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកស្រី នឹងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង។
ជាមួយគ្នានេះ សម្តេចធិបតី ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា របស់ថៃផងដែរ ។
បន្ទាប់ពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា បើកនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ទៅថៃ នឹងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕