ភ្នំពេញ៖ លោកស្រី Ratchel Thompson នាយិកាប្រតិបត្តិក្នុង ក្រុមប្រឹក្សាភិបាល ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្ដែងការគាំទ្រ មហិច្ឆតារបស់កម្ពុជា ក្នុងការជំរុញឲ្យបង្កើតបណ្តាញ អគ្គិសនីអាស៊ាន ក្នុងទស្សនៈចែករំលែក ការពារបរិស្ថាន និងបង្កើនសន្តិសុខថាមពលបៃតងរបស់អាស៊ាន។
ការសម្ដែងការគាំទ្រនេះ ធ្វើឡើងក្នុងឱកាសលោកស្រីនាយិកា ចូលជួបពិភាក្សាការងារ ជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។
ក្នុងជំនួបនេះ លោកស្រី Ratchel Thompson នាយិកាប្រតិបត្តិក្នុងក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី បានជួបសម្តែងការគួរសម និងវាយតម្លៃខ្ពស់លើគោលនយោបាយ និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាគ្រប់កន្លែង។
លោកស្រី មានសុទិដ្ឋិនិយមលើភាពជាដៃគូរវាង ADB និងរាជរដ្ឋាភិបាល ហើយសន្យានឹងបន្តការគាំទ្រ លើផែនការអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅកម្ពុជា៕