ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍រឹតចំណងមិត្តភាព

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្មការទូតដ៏សកម្ម ដោយឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងបែបនេះបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទស្សនកិច្ចផ្លូវការនៅថៃ នាថ្ងៃទី៧ កុម្ភៈ ។

តាមរយៈសារតេឡេក្រាមនាថ្ងៃទី៧ កុម្ភៈ បានអង្គភាពរាជរដ្ឋាភិបាលឲ្យដឹងថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជនជាអាទិភាពចម្បង»។

ដោយឈរលើមាគ៌ាច្បាស់លាស់នេះ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១០ របស់ខ្លួនលើបេសកកម្មការទូតសំខាន់កន្លងមក រួមមាន៖

ទី១-ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ទី២-ទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅចិន។

ទី៣-ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ទី៤-ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ទី៥-ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ។

ទី៦-ទស្សនកិច្ចផ្លូវការ នៅវៀតណាម។

ទី៧-ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទររំលឹកខួប ៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ទី៨-ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ខ្លូស្ទ័រ សហព័ន្ធស្វីស
ទី៩- ទស្សនកិច្ចផ្លូវការ នៅបារាំង ។

ទី១០-ទស្សនកិច្ចផ្លូវការ នៅថៃ៕

To Top