ព័ត៌មានជាតិ

កម្ពុជា-ព្រុយណេ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតព្រុយណេ ប្រចាំកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្ត ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌ ។

ការបញ្ជាក់ពីការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងប្រមុខការទូតម្ពុជា និងឯកអគ្គរាជទូតព្រុយណេ ប្រចាំកម្ពុជា នាថ្ងៃទី៦ កុម្ភៈ នៅទីស្ដីការក្រសួងការបរទេស ។

ក្នុងជំនួបនោះ​ លោកឧបនាយករដ្ឋមន្ត្រី និងលោកទូត បានរំលឹកឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការ ប្រកបដោយជោគជ័យរបស់ព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម យាងមកកាន់កម្ពុជា កាលពីឆ្នាំ២០២២ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាង សម្តេចធិបតី នាយករដ្ឋមន្រ្តី និងព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំ ២០២៣។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី និងលោកទូត ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងព្រុយណេ លើវិស័យជ ច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកទូត បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ ៕

To Top