ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ឲ្យផាកពិន័យ និងត្រួតពិនិត្យ រថយន្ដបំពាក់ភ្លើងខុសបច្ចេកទេស និងភ្លើងស៊ីរ៉ែន

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឲ្យផាកពិន័យ និងត្រួតពិនិត្យរថយន្ដគ្រប់ប្រភេទ បំពាក់ភ្លើងខុសបច្ចេកទេស ជាពិសេសភ្លើងស៊ីរ៉ែន និងភ្លើងហ្វា នាំឲ្យមានហានិភ័យដល់អ្នកដទៃ ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស នាំឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រី សង្កេតឃើញថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ទាំងភ្លើងហ្វា និងភ្លើងស៊ីរ៉ែន តែងតែកើតមានឡើង នៅលើរថយន្ដដឹកទំនិញធុនធំ និងរថយន្ដឈ្នួលជាដើម។

លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ឡានធំមួយចំនួនប្រើស៊ីផ្លេរកែ ក្នុងនោះ ការប្រើប្រាស់ភ្លើងហ្វាមួយចំនួន ដែលមិនអនុញ្ញាត ។ អានេះខុសលក្ខណៈបច្ចេកទេសដែលយើងទាំងអស់គ្នាចូលរួមត្រួតពិនិត្យ ហើយសម្អាតឲ្យបានយ៉ាងយូរ ត្រឹមខែ៦នេះ (ខែមិថុនា)»។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា «ក្នុងនោះដែរ ភ្លើងស៊ីរ៉ែន សូមឲ្យដោះចេញទាំងអស់ ផាកពិន័យ ព្រោះថា ប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើងនូវការប្រើប្រាស់ភ្លើង និងមធ្យោបាយមួយចំនួន ដែលមិនអនុញ្ញាត»។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានណែនាំឲ្យពិនិត្យមើលរថយន្ដទាំងឡាយ ពិសេសរថយន្ដដឹកនាំទំនិញធុនធំដែលបិទស្ទឹកឃ័រអក្សរ ឬរូបភាពផ្សេងនៅលើកញ្ចក់ ឬដាក់រាំងនន ដែលធ្វើបាំងកំហើញនៅពេលបើកបរ ហើយជាកត្តាងាយរងគ្រោះថ្នាក់ដល់អ្នកដទៃនៅតាមដងផ្លូវ។ លោកឧបនាយករដ្ឋមន្ដ្រី ថា ការអនុវត្តវិធានការទាំងអស់នេះ គឺសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

To Top