ព័ត៌មានជាតិ

អតីតមន្រ្តី នៃអតីតបក្សសង្គ្រោះជាតិ នៅអូស្ត្រាលី អំពាវនាវដល់អ្នកកំពុងដើរ តាមការអូសទាញលោក សម រង្ស៊ី ក្រឡេកមើលកម្ពុជាផង

ភ្នំពេញ ៖ លោក ញឹម គឹមញ៉ុល អតីតអនុប្រធាន ក្រុមការងារខេត្តព្រះសីហនុ និងជាសមាជិកកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី បានធ្វើការអំពាវនាវ ទៅដល់មនុស្សមួយចំនួន ដែលបាននិងកំពុងដើរតាម ការអូសទាញ របស់លោក សម រង្ស៊ី ក្រឡេកមើលមកកម្ពុជាផង កុំជឿតាមការញុះញង់ របស់បុគ្គលនេះពេក ។

ការអំវនាវ របស់អតីតសមាជិកកម្មាធិការ នាយកអតីតគណបក្សសង្គ្រោះជាតិ នៅអូស្ត្រាលីរូបនេះ ធ្វើឡើងក្រោយជំនួបជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិកាគណបក្សរាជធានីភ្នំពេញ របស់គណប្រជាជនកម្ពុជា នៅមន្ទីរបក្សរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បន្ទាប់ពីរូបលោក ត្រូវបានយល់ព្រមបញ្ចូល ជាសមាជិក គណបក្ស ប្រជាជនកម្ពុជា តាមការស្នើសុំរបស់ខ្លួន ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា អនុញ្ញាតឲ្យឲ្យរួមរស់ ជីវភាពនយោបាយ ។

លោក ញឹម គឹមញ៉ុល បានលើកឡើងថា “ដោយមើលឃើញពីការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ល្អ ដោយសម្ដេចបវរធិបតី មានចំណេះដឹងខ្ពង់ខ្ពស់ អាចដឹកនាំប្រទេសជាតិកម្ពុជា យើងឲ្យមានភាព រីកចម្រើន ពិសេសដឹកនាំប្រទេសកម្ពុជា ដល់ឆ្នាំ២០៣០-២០៥០ ក្លាយជាប្រទេសជឿនលឿន មានចំណូលខ្ពស់ បើទោះបីរូបលោក មិនបានរស់ដល់ឆ្នាំ២០៥០មែន ប៉ុន្តែកូនចៅជំនាន់ក្រោយ នឹងមានជីវភាពធូរធារសម្បូរ សប្បាយ ។ កត្តាទាំងនេះហើយ ទើបរូបលោកសម្រេចចិត្តចុះចូល រួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានថ្លែង ការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យរូបលោក បានរួមរស់ជីវភាព ជាមួយគណបក្ស ប្រជាជនកម្ពុជា និងថ្លែងអំណរគុណផងដែរ ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានសន្ដោសប្រណី ដោយធ្វើលិខិតស្នើសុំ ទៅព្រះមហាក្សត្រ ឲ្យលើកលែងទោសចំពោះរូបលោក ។

លោកបានរំលឹកថា លោកបានចាកចេញពីកម្ពុជា ជាច្រើនឆ្នាំដែរហើយ តែពេលត្រឡប់មករាជធានីភ្នំពេញនាពេលនេះ គឺពិតជាធ្វើឲ្យ លោកមានការភ្ញាក់ផ្អើល ដោយរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ។ ដូច្នេះការសម្រេចចិត្តរបស់លោក មករស់នៅជីភាព ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ។

ជាមួយគ្នានេះ លោក ញឹម គឹមញ៉ុល ក៏បានធ្វើការអំពាវនាវ ទៅដល់អ្នកមួយចំនួន ដែលបាននិងកំពុងដើរតាម ការអូសទាញរបស់ទណ្ឌិត សម រង្ស៊ី ក្រឡេកមើលមកប្រទេសកម្ពុជាផង “ថាតើប្រទេសកម្ពុជា យើងមានការអភិវឌ្ឍដល់ណាហើយ កុំចេះតែលឺថា ចេះតែជឿតាមគេ ដែរយើងមិនបានឃើញជាក់ស្ដែងនោះ” ។

លោកបន្តទៀតថា “សម្ដេចតេជោ មានភាពសន្ដោសប្រណីខ្លាំងណាស់។ បើយើងចង់រួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ពេលណា គឺសម្ដេចសន្តោសប្រណីឲ្យយើងចូលភ្លាម។ ខ្មែរក្រហម សម្ដេចតេជោ ធ្វើការបង្រួបបង្រួមបាន ចុះរឿងអីយើងខ្មែរមានតែគណបក្សមួយ ហេតុអី សម្តេចបង្រួបបង្រួមមិនបាននោះ ជាក់ស្ដែងរូបលោកជាទឹកតាងបញ្ជាក់ច្បាស់។ សម្ដេចតេជោ ហ៊ុន សែន នៅអាចដឹកនាំប្រទេសបាន តែសម្ដេចបានផ្ទេរអំណាចទាំងនេះ ទៅឲ្យក្មេងជំនាន់ក្រោយបន្តដឹកនាំប្រទេស ដែលធ្វើឲ្យយុវជនជំនាន់ក្រោយ មានឱកាសបញ្ចេញសមត្ថភាព ក្នុងការដឹកនាំកសាងប្រទេស ឲ្យមានភាពរីកចម្រើន។ ថ្នាក់ដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា មិនក្រាញអំណាចទេ។ គឺបានផ្ទេរអំណាច ទៅឲ្យយុវជនជំនាន់ក្រោយ”។

លោកក៏បានផ្ដាំផ្ញើថា “យុវជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលមិនពេញចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយងប់ងល់ទៅនឹងទណ្ឌិត សម រង្ស៊ី សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសុំទៅសម្ដេចធិបតី ដើម្បីស្នើសុំទៅព្រះមហាក្សត្រលើកលែងទោស នោះនឹងអាចរួមរួម ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបានមករស់នៅ ក្នុងប្រទេសកម្ពុជាបានហើយ” ៕

To Top