ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ចេញយុទ្ធសាស្ត្រ​​ បច្ចេកទេស៥ និង​យុទ្ធសាស្ត្រ​គាំទ្រ​១​ ដើម្បីជំរុញវឌ្ឍនភាព លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានថ្លែងបញ្ជាក់ថា ក្រសួងការងារបានដាក់ចេញ​យុទ្ធសាស្ត្រ​បច្ចេកទេស​ចំនួន​៥និង​យុទ្ធសាស្ត្រ​គាំទ្រ​១​ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរ ។

ផែនការយុទ្ធសាស្ត្រនេះ បានធ្វើអាទិភាព កម្មយុទ្ធសាស្ត្របច្ចេកទេសចំនួន៥ និងយុទ្ធសាស្ត្រគាំទ្រចំនួន១ ដែលអនុលោមតាមសូចនាករ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០, ឯកសារអនុលោមភាព ជាមួយស្តង់ដារអន្តរជាតិ, ព្រមទាំងធានា សង្គតិភាព និងភាពប្រទាក់ក្រឡាជាមួយគោលនយោបាយជាតិ និងគោលនយោបាយ ពាក់ព័ន្ធតាមវិស័យនានា។

យុទ្ធសាស្ត្របច្ចេកទេស ទាំង៥រួមមាន៖
១. ការរៀបចំ និងអនុវត្តគោល នយោបាយទីផ្សារការងារសកម្ម
២. ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង
៣. ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំទងវិជ្ជាជីវៈស្របតាមការវិវត្តនៃពិភពការងារ
៤. ការពង្រឹងការគ្រប់គ្រង ទេសន្តរប្រវេសន៍ការងារ ប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព
៥. ការអភិវឌ្ឍរបបសន្តិសុខសង្គមស្រប តាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច
និងយុទ្ធសាស្ត្រគាំទ្រចំនួន១ គឺការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល

លោកស្រី សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍ បន្ថែមថា សន្និបាតរយៈពេល ២ថ្ងៃនេះ គឺជាវេទិកា ដ៏សំខាន់ក្នុងការត្រួតពិនិត្យ មើលអំពីវឌ្ឍនភាព ការងារប្រចាំឆ្នាំ២០២៣ នៃការអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដោយនឹងធ្វើការវាយតម្លៃ លើយុទ្ធសាស្រ្ត អាទិភាព ដែលបានដាក់ចេញ នៅក្នុងផែនការយុទ្ធសាស្ត្រ បញ្ហាប្រឈមមួយចំនួន ដើម្បីលើក ទិសដៅអាទិភាព សម្រាប់អនុវត្តការងារ នៅឆ្នាំ២០២៤ សំដៅបង្កើនប្រសិទ្ធភាពការងារ ឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅ និងកាន់តែមុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

យ៉ាងណា លោកស្រី​រដ្ឋលេខាធិការប្រចាំការ បានស្នើដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលក្រសួង មិនទាន់សម្រេចបាននាឆ្នាំកន្លងមកនេះ ហើយត្រូវទាញយកនូវឧត្តមានុវត្តន៍គន្លឹះមកពិភាក្សាឱ្យបានផុលផុស ដើម្បីដាក់ចេញនូវដំណោះស្រាយ សមស្របនានា សម្រាប់ធ្វើជាទិសដៅ ក្នុងការអនុវត្តបន្ត ដែលជាបេសកកម្មចម្បង របស់ក្រសួងនៅក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី សំដៅធ្វើឱ្យកាន់ទេប្រសើរឡើង នូវលក្ខខណ្ឌការងារ, សុវត្ថិភាពនិងសុខភាពការងារ, សេរីភាពអង្គការវិជ្ជាជីវៈ, សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ជំនាញនិងផលិតភាពការងារ, មុខរបរនិងការងារសមរម្យ, និងប្រព័ន្ធ សន្តិសុខ សង្គមពេញលេញ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿន នៃការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ របស់យើង ព្រមទាំងសម្រេចឱ្យ បាននូវចក្ខុវិស័យកម្ពុជា ក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូល ខ្ពស់នៅឆ្នាំ២០៥០៕

To Top