ព័ត៌មានជាតិ

លោក កើត ឆែ ណែនាំដល់អ្នកមានសិទ្ធិប្រើប៊ិច ត្រូវគិតគូរឲ្យបានម៉ត់ចត់ មុននឹងចុះហត្ថលេខា លើឯកសារណាមួយ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាខណ្ឌ-សង្កាត់ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈនេះលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើង ថា អាវុធនុយក្លេអ៊ែខ្លាំងយ៉ាងណា ក៏នៅចាញ់ទឹកប៊ិចដែរ ដូច្នេះអ្នកដែលមានសិទ្ធិប្រើប៊ិច ត្រូវគិតគូរឲ្យបានម៉ត់ចត់ មុននឹងចុះហត្ថលេខា លើឯកសារណាមួយ ។

ក្នុងកិច្ចប្រជុំខាងលើនេះ ត្រូវបានលោកអភិបាលរង គូសបញ្ជាក់ថា “ប្រើប៊ិចឲ្យចំគោលដៅ និងគិតគូរឲ្យគ្រប់ជ្រុងជ្រោយ។ ប៊ិចមានអំណាច នៅពេលអ្នកប្រើមានអំណាចដែរ” ។

ជាមួយគ្នានេះ លោក កើត ឆែ បានរំលឹកឲ្យអង្គពិធីទាំងមូលដឹងថា “អស់លោក លោកស្រីពូមីង បងប្អូនជា អាជ្ញាធរដែនដី ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សោភណ្ឌភាព និងមានទំនុកចិត្ត។ លោក លោកស្រី មិនត្រូវទុកឲ្យអ្នកម៉ៅការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មកធ្វើបាបលោក លោកស្រីវិញនោះទេ។ បងប្អូនត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ កន្លែងខ្លះ គេជីកដីអត់ព្រមលុប កន្លែងខ្លះមិនទាន់ជីកដីផង គេដឹកប្រព័ន្ធលូទៅតម្រៀបចោល តាមចិញ្ចើមផ្លូវបង្កការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ”។

ក្នុងនោះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា “ការបង្កើតសមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់ រាជធានីភ្នំពេញឡើង ក្នុងគោលបំណងលើកកំពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ធានាសំរេចបាន នូវរដ្ឋបាលប្រជាធិបតេយ្យ តាមបែបវិមជ្ឈការ ដែលមានប្រសិទ្ធភាព និរន្តរភាព តម្លាភាព គណនេយ្យភាព និងមានការពឹងពាក់លើខ្លួនឯង”៕

To Top