ព័ត៌មានជាតិ

ក្រសួងការងារ ចង់ឱ្យសហជីព ចូលរួមជំរុញកម្មករ ឱ្យសិក្សាជំនាញ ដើម្បីបង្កើនផលិតភាព ការងារ សម្រាប់ការប្រកួតប្រជែង

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសហជីព នៅកម្ពុជាទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកម្មករ ឱ្យសិក្សាជំនាញបច្ចេកទេស ដើម្បីបង្កើនផលិតភាពការងារ ។

ថ្លែងក្នុងពិធីបើកសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ លោក​ ហាំង តុលា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ប្រសិនបើសហជីព នៅកម្ពុជា ចូលរួមធ្វើចលនា ក្នុងការជំរុញកម្មករ កម្មការិនី នៅតាមរោងចក្រសហគ្រាស ឱ្យចូលវគ្គបណ្តុះបណ្តាល នឹងរួមចំណែកហយ៉ាងខ្លាំង ដើម្បីបង្កើនផលិតភាពការងារ របស់កម្មករនៅកម្ពុជា ដែលជាចំណុចប្រកួតប្រជែង ក្នុងការទាក់ទាញវិនិយោគិនបរទេស ។

បើតាមលោកអគ្គនាយក ក្រសួងការងារក្នុងអាណត្តិទី៧នេះ មានយុទ្ធសាស្ត្រជាអាទិភាពក្នុងការពង្រឹង និងបង្កើតជំនាញថ្មីដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋ ហើយជាពិសេសក្រុមយុវជន គោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលជាកម្លាំងសេដ្ឋកិច្ចស្នូលសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រជំនាន់ទី១ ដែលមានពលរដ្ឋប្រមាណ១,៥ម៉ឺននាក់ បាននិងកំពុងទទួលការបណ្តុះបណ្តាល ដែលមាន៥០០ថ្នាក់នៅទូទាំងប្រទេស ៕

To Top