ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការថ្នាលអប់រំសាលាឌីជីថល (#SalaDigital) មានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន-រៀន ស្របទៅតាមបរិបទថ្មី នៃការអប់រំ បែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្តិសិទ្ធិភាព។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃ៦ កុម្ភៈ បានបញ្ជាក់ថា ថ្នាលអប់រំ សាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និង ប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន-រៀន តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើត សាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា នៅលើថ្នាលសាលាឌីជីថល សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សា ដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។
ថ្នាលអប់រំ សាលាឌីជីថល ក៏បានផ្ដល់ភាពងាយស្រួលដល់អ្នក ប្រើប្រាស់ ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា ដោយ អាចធ្វើការស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់ជាដើម។
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំលោក លោកស្រី សាកលវិទ្យាធិការ នាយក គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលទៅបង្កើតសាលារៀននិម្មិត វគ្គសិក្សា និង បង្ហោះស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាស្ត្រាចារ្យ នៅក្នុងថ្នាលអប់រំ សាលាឌីជីថល ដើម្បីឱ្យ ធនធាន ឌីជីថលជាភាសាជាតិមានសម្បូរបែបលើបណ្តាញអ៊ុនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និង ស្វ័យសិក្សារបស់សិស្ស និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត៕