ព័ត៌មានជាតិ

ពលរដ្ឋថៃ នៅតែចងចិត្តចង់ ឲ្យបើកច្រកព្រំដែនប្រាសាទ ព្រះវិហារវិញ ខណៈនាយករដ្ឋមន្ត្រីថៃ-កម្ពុជា មិនលើកយកមកពិភាក្សា

ភ្នំពេញ ៖ ដំណឹងនៃដំណើរទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅថៃ ត្រូវបានបណ្តាញសារព័ត៌មាន និងអ្នកវិភាគ ព្រមទាំងមន្ត្រីជួររដ្ឋាភិបាលថៃ មួយចំនួនបានបញ្ចេញមតិ ចង់ឃើញការពិភាក្សាគ្នា អំពីលទ្ធភាពបើកច្រកព្រំដែន ប្រាសាទព្រះវិហារ រវាងថៃ-កម្ពុជាឡើងវិញ ពីសំណាក់ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ប៉ុន្តែជាក់ស្តែងនាយករដ្ឋមន្ត្រីទាំងពីរ មិនបានលើកយកបញ្ហានេះ មកជជែកពិភាក្សានោះទេ ។

ការបញ្ជាក់អំពីការមិនលើកយកបញ្ហាបើកច្រកព្រំដែន ប្រាសាទព្រះវិហារឡើងវិញខាងលើនេះ ធ្វើឡើងតាមរយៈលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច ផ្លូវការរបស់សម្តេចធិបតី នៅថៃ កាលពីរាត្រីថ្ងៃ៧ កុម្ភៈ ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រលើកឡើងថា “មុនទស្សនកិច្ចរបស់សម្តេចនៅថៃ មានការលើកឡើងតាមរយៈសារព័ត៌មាន ការលើកឡើងពីសំណាក់ព្រឹទ្ធសមាជិក និងអ្នកតំណាងរាស្ត្រថៃមួយចំនួន ដែលចង់ឃើញនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន លើកមកពិភាក្សា ជាមួយសម្តេចធិបតី នូវលទ្ធភាព នូវការបើកច្រកព្រំដែនព្រះវិហារឡើងវិញ ។ ប៉ុន្តែនៅថ្ងៃនេះ នៅបាងកក ការពិតជាក់ស្តែង គឺខាងភាគីថ្ងៃ មិនបានលើកឡើងមកពិភាក្សាទេ” ។

សូមរំលឹកថា ព្រំដែនតំបន់ប្រាសាទ វិហារត្រូវបានបិទអស់រយៈពេលជាង១០ឆ្នាំមកហើយ ចាប់តាំងពីកងទ័ព នៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធអំឡុង ឆ្នាំ២០០៨ ដែលធ្វើឲ្យច្រកទេសចរណ៍មួយនេះ ត្រូវបានបិទទាំងស្រុង ។ ការប៉ុនប៉ង់ពីប្រទេសថៃ ក្នុងការចាប់ដៃជាមួយកម្ពុជា ដើម្បីបើកច្រកនេះឡើងវិញ ធ្វើឡើងក្នុងគោលបំណង សម្រាប់វិស័យទេសចរណ៍ ៕

To Top