ភ្នំពេញ៖ ផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៧ខ្សែ ប្រវែងសរុប ១០៦,៤០០ គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង នឹងត្រូវបានធ្វើការសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមលិខិត របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្នើសុំកិច្ចសហការពីរដ្ឋបាលលាខេត្តបាត់ដំបង។
ផ្លូវទាំង៧ខ្សែរួមមាន៖
១/ ខ្សែផ្លូវទី១៖ ឈ្មោះផ្លូវ“បាដាក់-អន្លង់ស្វាយ” ពីភូមិបាដាក់ ឃុំរស្មីសង្ហា ទៅភូមិអន្លង់ ស្វាយ ឃុំតគ្រាមរតនៈមណ្ឌល និងបាណន់ ប្រវែង ១៧,៧០០ គីឡូម៉ែត្រ
២/ ខ្សែផ្លូវទី២៖ ឈ្មោះផ្លូវ “ស្ដៅ (NR57)- សេរីវុន” ពីភូមិស្តៅ ឃុំអណ្ដើកហើប ទៅភូមិ សេរីវុន ឃុំអណ្ដើកហើប ស្រុករតនៈមណ្ឌល ប្រវែង ៦,៤០០ គីឡូម៉ែត្រ
៣/ ខ្សែផ្លូវទី៣៖ ឈ្មោះផ្លូវ “ពុកឆ្មារ (NR5)-វត្តកណ្ដាល” ពីភូមិពុកឆ្មា ឃុំអូរដំបង២ ទៅភូមិវត្តកណ្តាល ឃុំរង្សកេសី ស្រុកសង្កែ ប្រវែង ១៤,៧០០ គីឡូម៉ែត្រ
៤. ខ្សែផ្លូវទី៤៖ ឈ្មោះផ្លូវ “រ៉ា – ស្ពាន” ពីភូមិរ៉ា ឃុំធិបតី ទៅភូមិស្ពាន ឃុំកោះក្រឡ ស្រុក កោះក្រឡ ប្រវែង ១៤,១០០ គីឡូម៉ែត្រ
៥. ខ្សែផ្លូវទី៥៖ ឈ្មោះផ្លូវ “កកោះ (NR5)-ប៉ែន” ពីភូមិកកោះ ឃុំកកោះ ទៅភូមិប៉ែន ឃុំមោង ស្រុកមោងប្ញស្សី ប្រវែង ១៤,១០០ គីឡូម៉ែត្រ
៦. ខ្សែផ្លូវទី៦៖ ឈ្មោះផ្លូវ ព្រៃខ្លួត-រោងមួយ” ពីភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ទៅភូមិរោងមួយ ឃុំព្រៃ ត្រឡាច ស្រុករុក្ខគីរី ប្រវែង ១០,១០០ គីឡូម៉ែត្រ
៧. ខ្សែផ្លូវទី៧៖ ឈ្មោះផ្លូវ “ជ្រៃមួយ-ទួលព្រំ” ពីភូមិជ្រៃមួយ ឃុំជ្រៃ ទៅភូមិទួលមួយ ឃុំ កកោះ ស្រុកមោងប្ញស្សី ប្រវែង ២៩,៣០០ គីឡូម៉ែត ។
ក្រសួងបានដឹងថា គម្រោងផ្លូវទាំង៧ខ្សែនេះ ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (EU/AIF) សម្រាប់អនុវត្ត “កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)”។
ក្នុងលិខិតចុះថ្ងៃទី២៥ មករា ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើលោក សុខ លូ អភិបាលខេត្តបាត់ដំបង ជួយផ្ដល់កិច្ចសហការ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ដំណើរការនៃការដ្ឋានសាងសង់ផ្លូវខាងលើ ឲ្យទទួលបានលទ្ធផលល្អប្រសើរ តាមការគួរ៕