ភ្នំពេញ៖ ឆ្លើយតបនឹង ការលើកឡើង ពីមតិខាងក្រៅចោទសម្តេចធិបតី ជុំវិញកិច្ចចរចា លើតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ ដែលមានកត្តាពីរ ពាក់ព័ន្ធ និងព្រំដែនទឹក និងជង្រុកស្តុកឧស្ម័នប្រេង ថាជាជនក្បត់ជាតិនោះ សម្តេចធិបតី បានធ្វើការអះអាងថា ក្រុមគ្រួសារសម្តេចដែលមានត្រកូល ហ៊ុន ទាំងអស់ មិនមានបំណងណាមួយ ចង់ទៅជាជនក្បត់ជាតិទេ ។
ការចេញមកបកស្រាយ អះអាងខាងលើនេះ របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ពោលនៅក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នៅព្រះរាជាណាចក្រថៃ១ថ្ងៃ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “សម្រាប់អ្នកដែលចោទខ្ញុំថា យើងយកអភិវឌ្ឍន៍រួមគ្នាទាញយកប្រេង ថាខ្ញុំក្បត់ជាតិ ទៅគិតមើលទៅ តើទាញផលប្រយោជន៍ ដើម្បីឲ្យប្រទេសជាតិ និងប្រជាជន ហើយធានាសន្តិសុខថាមពលរបស់យើង រយៈពេលវែង តើជាការក្បត់ជាតិមែនទេ?” ។
សម្តេចធិបតី ថែមទាំងបានបកពាក្យ ទៅកាន់អ្នករិះគន់សម្តេចវិញថា “ប្រសិនបើគាត់ឡើងមកដឹកនាំ បានន័យថា គ្មានអ្វីទេ គឺបាន័យថា ពឹងគេរហូត យើងរករស់ខ្លួនឯងខ្លះទៅ” ។
សម្តេចធិបតី បានគូសបញ្ជាក់ថា “ញែកឲ្យដាច់ ផលប្រយោជន៍សេដ្ឋកិច្ច និងការសិក្សារួមគ្នា មិនបានធ្វើឲ្យបាត់ នូវអធិបតេយ្យភាព នៅក្នុងការចរចារព្រំដែនទេ ញែកឲ្យដាច់ ។ ការចរចាព្រំដែនទឹក នៅតែបន្តធ្វើតាមក្រុមបច្ចេកទេស នេះ គឺខ្ញុំសូមបញ្ជាក់ អារឿង OCA នេះ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា “ត្រកូលហ៊ុន មិនមានបំណងណាមួយ ចង់ទៅជាជនក្បត់ជាតិទេ ។ ហើយគ្មានការធ្វើអ្វីមួយ ឲ្យខុសពីផលប្រយោជន៍ជាតិនោះទេ”។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា “សម្តេចតេជោ ដាក់ទិសដៅចរចារឿង ព្រំដែន ដើម្បីឲ្យកូនខ្មែរថ្ងៃក្រោយ នៅពាំត្រណោត វាយគ្នាជាមួយប្រទេសជិតខាង ដោយសាររឿងព្រំដែន ។ យើងចរចាដោយការងារច្បាស់លាស់ ។ តើការដោះស្រាយបញ្ហាបញ្ចប់ ដើម្បីធានាកុំឲ្យកូនចៅរបស់យើង និងកូនចៅប្រទេសជិតខាង នៅមើលមុខគ្នាមិនត្រង់ ឈ្លោះគ្នាវាយគ្នារហូតឬយ៉ាងមិច? នេះជាការក្បត់ជាតិទេ? អត់ទេ គឺការដោះស្រាយបញ្ហាជាតិ រយៈពេលវែង ដោយការទទួលខុសត្រូវ ហើយការរួមគ្នាដោះស្រាយ និងទាញផលប្រយោជន៍ ពី OCA នេះ ក៏ដូចគ្នាដែរទេ៕