ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤នេះ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន ១០ចំណុច សម្រាប់ការអនុវត្តនៅឆ្នាំ២០២៤។
បើតាមប្រសាសន៍លោករដ្ឋមន្រ្តី, ក្រសួងការងារនឹងអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចទី១ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់សម្តេចធិបតី។ ទី២-ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ៣-បន្តជម្រុញនិងលើកទឹកចិត្តឱ្យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ។
លោករដ្ឋមន្រ្តីបន្ថែមថាទី៤ ក្រសួងនឹងបន្តការយកចិត្តទុកដាក់លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបាននូវការការពារសិទ្ធិ ជំនាញវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម។ ៥-បន្តពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និងអង្គការវិជ្ជាជីវ: ទាំងកម្រិតទ្វេភាគី ពហុភាគី ក្នុងក្របខណ្ឌតំបន់ និងពិភពលោក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាទី៦ ក្រសួងនឹងបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមគាំទ្រដល់ការបង្កើនសមត្ថភាពជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញឡើងវិញ (Reskilling)។ ទី៧-ពង្រឹង និងពង្រីកវិសាលភាពក្នុងការផ្ដល់សេវាការងារសាធារណៈ និងព័ត៌មានទីផ្សារការងារ ព្រមទាំងការផ្ដល់ប្រឹក្សាយោបល់ការងារអាជីព។
និងទី៨-លុបបំបាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ តាមរយៈការអប់រំផ្សព្វផ្សាយ និងការបង្ការទប់ស្កាត់ និងការអនុវត្តនូវវិធានការច្បាប់ម៉ឺងមាត់បំផុត។ ទី៩-បន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ដែលធ្វើឱ្យភាគីទាំង៥ សប្បាយចិត្ត។
លោកបានគូសបញ្ជាក់ថា ទី១០ គឺការបន្តចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការដើម្បីបង្កើនប្រសិទ្ធភាពការងារ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈដើម្បីឆ្លើយតបនឹងសំណូមពររបស់វិស័យឯកជន, អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕