ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋឱ្យការពារ និងថែរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយក្រើនរំលឹក ដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ ចំពោះសុខភាព និងណែនាំពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ប្រជាពលរដ្ឋមួយចំនួនតែងមាន ការជួបជុំគ្រួសារ បងប្អូន ញាត្តិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកំសាន្ត ទៅតាមរមណីយដ្ឋាននានា ។ ដើម្បីចូលរួមការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការណែនាំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំង អស់ត្រូវយកចិត្តទុកដាក់ ការពារសុខភាព សុវត្ថិភាព។

ក្រសួង បន្ដថា ប្រកាន់ខ្ជាប់អនាម័យដោយត្រូវលាងដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងមេរោគ។ ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វ ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬ តាមដងផ្លូវត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយវេចខ្ចប់បានល្អ ។

ក្រសួង បន្ថែមថា ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមាន សីតុណ្ហភាពធម្មតាលើសពី ២ម៉ោង (បើសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី ៦០អង្សាសេ ឬចម្អិនអាហារមួយពេល សម្រាប់តែមួយពេល ដោយមិនទុកអាហារ សេសសល់យូរដែលអាចង្កូម ដែលបង្កឱ្យមានការរាករូស ឈឺពោះ កួតជាដើម)។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើម មានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមី បន្ថែម ៕

To Top