ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា​ អំពាវនាវឱ្យពលរដ្ឋ រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ ស ច គ) បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីអំពាវនាវរបស់ គ ស ច គ។

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន គ ស ច គ បានអំពាវនាវ ដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការធ្វើដំណើរនៅលើដងផ្លូវ នៅក្នុងឱកាសចូលឆ្នាំចិននេះ ដើម្បីចូលរួមបង្ការ និង ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចៀសផុតពីការស្លាប់ របួស និង ការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយត្រូវអនុវត្តវិធានការ សុវត្ថិភាព ដូចខាងក្រោម៖

១-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។

២-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា។

៣-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

៥-មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន។

៦-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។

៧-កុំប្រើទូរស័ព្ទក្នុងពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់សម្លេងទំនាក់ទំនង។

៨-មុនចេញដំណើរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពិសេសត្រូវត្រួតពិនិត្យកង់ ចង្កូត ហ្វាំង
ភ្លើងបំភ្លឺ។

៩-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។

លើសពីនេះ គ ស ច គ បានសង្ឃឹមជឿជាក់លើស្មារតីចូលរួមគោរពអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដើម្បីនាំមកនូវ សុវត្ថិភាព និងសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ៕

To Top