ព័ត៌មានជាតិ

ក្រសួងការងារ សម្រេចបានលទ្ធផលការងារធំៗ នៅពេញមួយឆ្នាំ២០២៣ ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និង កម្មករនិយោជិត

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងការងារបានសម្រេចនូវលទ្ធផលការងារធំៗក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិតនៅពេញមួយឆ្នាំ២០២៣ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧។

ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ស្របតាមការគិតគូរពីសុខទុក្ខកម្មករនិយោជិតរបស់រាជរដ្ឋាភិបាល ក្រសួងការងារបានសហការ រៀបចំកម្មវិធីសំណេះសំណាល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សរុបចំនួន២៩លើក មានកម្មករនិយោជិតប្រមាណ ៤៧ម៉ឺននាក់។

លោករដ្ឋមន្រ្តីបន្តថា ក្នុងការលើកកម្ពស់ជីវភាពកម្មករនិយោជិតក្រសួងការងារបានដឹកនាំពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ចំនួន ២០៤ ដុល្លារអាមេរិកក្នុងមួយខែ ស្របតាមអនុសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ដោយឡែកលើការអភិវឌ្ឍន៍ធនធានមនុស្សក្រសួងបានរៀបចំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅចំនួន ១.៥លាននាក់ និងកម្មវិធីពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាលទ្ធផល ក្រសួងទទួលបានសិស្សចុះឈ្មោះសរុបចំនួន ២៧ ១៥៨នាក់ បានបើកវគ្គបណ្តុះបណ្តាលដល់យុវជន ដែលមានលក្ខខណ្ឌស្របតាមគោលការណ៍កំណត់ចំនួន ៤៧៨ថ្នាក់ ស្មើនឹងសិស្សចំនួន ១៣ ១៨១នាក់។ ទន្ទឹមនិងនេះដោយចុះឈ្មោះសមាជិកបុគ្គលស្វ័យនិយោជន៍ ចំនួន ៧៩ ៦៩៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ៨៨៣នាក់។

បើតាមលោករដ្ឋមន្រ្តីក្រសួងការងារក៏បានធានានូវការគោរពលក្ខខណ្ឌការងារ របស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយបានធ្វើអធិការកិច្ចការងារនៅតាមសហគ្រាស។ ក្នុងនោះសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ និងបើកទូលាយអនុលោមតាមច្បាប់ស្តីពីសហជីព និងបទដ្ឋានការងារអន្តរជាតិ ជាពិសេស អនុលោមតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ក្រសួងការងារបានពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងាររួម ទាំងកម្រិតមន្ត្រីផ្សះផ្សា និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ និងបានពង្រឹងការផ្សព្វផ្សាយ ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងការងារដោយបង្ខំ ហើយបានអនុវត្តកិច្ចអន្តរាគមន៍ស្នូលដកហូត និងទប់ស្កាត់ពលកម្មកុមារចំនួន ៤០០នាក់។

លោករដ្ឋមន្រ្តីបន្ថែមថាក្រសួងការងារបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារជុំទី២ ក្នុងឆ្នាំ២០២៣ និងបានពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនដល់កម្មករនិយោជិតមន្ត្រីរាជការសាធារណៈអតីតមន្ត្រីរាជការអតីតយុទ្ធជនជាប្រចាំ។

ក្រសួងការងារបានផ្តល់របបសន្តិសុខសង្គមដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ២៧២សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៩៩ ៤១៧នាក់ និងបានបន្តផ្តល់ប្រាក់ឧបត្ថម្ភស្រ្តីពេលសម្រាលកូន ដែលមានស្រ្តីសម្រាលកូន សរុបចំនួន ៦២ ៨៧៨នាក់ ស្មើនឹងចំនួនកូន ៦៣ ៣២៨នាក់។

បើតាមលោករដ្ឋមន្រ្តី នៅក្នុងវិស័យជួយរកការងារធ្វើក្រសួងការងារបានប្រមូលចុះឈ្មោះអ្នកស្វែងរកការងារចំនួន ៣០ ៨៩៧នាក់ បានផ្គូផ្គងអ្នកស្វែងរកឱកាសការងារ ចំនួន ២៩ ៥៩០ដង/នាក់ និងបានផ្តល់ឱកាសការងារ និងគាំពារដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ចំនួន ១ ៣៥៦ ៦១៦នាក់។

លើសពីនេះទៅទៀតក្រសួងការងារបានបន្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានបន្តពង្រឹងកិច្ចសហការល្អជាមួយអង្គការអន្តរជាតិខាងការងារ(ILO), និងដៃគូអភវិឌ្ឍជាតិ និងអន្តរជាតិបានយ៉ាងល្អប្រសើរ។ ជាពិសេសក្រសួងការងារបានចូលរួមលើកកម្ពស់សមភាពយេនឌ័រ, ចូលរួមយ៉ាងសកម្មក្នុងផែនការសកម្មភាព សេវាសង្គម៕

To Top