ភ្នំពេញ៖ បើយោងតាមការព្យាករណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនអ្នកមានការងារអាយុចាប់ពី១៥-៦៤ឆ្នាំ លើវិស័យកសិកម្មមានការធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់៤១,១%។
នេះបើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមការព្យាករបានបញ្ជាក់ថា ចន្លោះឆ្នាំ២០២៤-២០២៦ខាងមុខ កម្ពុជាអាចបឹងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ២,៥%ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ១០,២លាននាក់នៅឆ្នាំ២០២៦។
គួរកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦,៥ម៉ឺននាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧%។ រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ១៦,៧ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤%។ និន្នាការកំណើនការងារនៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្មនិងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរការងារពីវិស័យកសិកម្ម ដែលត្រូវបានព្យាករថាចំនួនការងារនឹងថយចុះប្រមាណ៩,៨ម៉ឺននាក់ក្នុងមួយឆ្នាំស្មើនឹងអត្រាថយចុះការងារ៣,៥%ក្នុងមួយឆ្នាំ៕