ពោធិ៍សាត់: លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១២ ខែ កុម្ភ: ឆ្នាំ ២០២៤ បានដឹកនាំមន្ត្តី្រជំនាញក្រោមឱវាទ និង អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំង សោភ័ណ្ឌភាពសួនច្បារ និង សំអាតច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំនុចស្ពានថ្មថ្មី ទល់មុខរដ្ឋបាលខេត្ត រហូតដល់ក្បាលហុង ចុងកោះត្រើយ ខាងកើតស្ទឹង ។

លោកខូយ រីដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកបានរៀបចំកែប្រែសោភ័ណ្ឌភាព ទីប្រជុំជន ក្នុងក្រុងពោធិ៍សាត់ ពិសេសនៅ តាមដងស្ទឹងពោធិ៍សាត់ ដើម្បីអោយក្លាយទៅជាសួនច្បារ និង បំពាក់អំពូលភ្លើង សម្ភារះហាត់ប្រាណអោយបានស្អាតប្រកបដោយបរិស្ថាន និង អនាម័យល្អ ដើម្បីទុកជាប្រយោជន៍សាធារណះ ដើម្បីទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិមកពីគ្រប់ទិសទី ដើម្បីចូលមកលេងកំសាន្ត នៅក្នុងទឹកដីខេត្តពោអិ៍សាត់ ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៍សូមកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធលើដីចំណី ស្ទឹងកន្លងមកហើយបានចូលរួម សហការ ល្អជាមួយអាជ្ញាធរ មូលដ្ឋាន ជាពិសេសអាជ្ញាធរខេត្ត ដើម្បីអោយការរៀបចំសួនច្បារ នោះប្រព្រឹត្តិទៅដោយរលូន ទៅតាមការគ្រោងទុក ៕

