ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១២ កុម្ភៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី និងគណៈប្រតិភូ។
ក្នុងជំនួបនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង២ ជាពិសេសក្នុងដំណាក់កាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហុងគ្រីបានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤៥៤ ៧០០ដូស និងប្រភេទ Moderna ចំនួន ១០០ ០០០ ដូស ជូនមករាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២២។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់ហុងគ្រី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈការផ្លាស់ប្តូរអ្នកជំនាញបច្ចេកទេស និងអ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងថ្នាក់វេជ្ជបណ្ឌិតជំនាញលើជំនាញព្យាបាលជំងឺមហារីក និងជំនាញផ្សេងៗទៀត និងការផ្លាស់ប្តូរបច្ចេកវិទ្យានិងចែករំលែកបទពិសោធន៍លើផ្នែកព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាលផងដែរ។
សម្រាប់ករណីនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ហុងគ្រី តាមរយៈឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕









