ភ្នំពេញ ៖ គម្រោងគោលដៅ លំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ ក្លាយជាសហគ្រិនភាព មានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ជូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុក ជូនភ្ញៀវទេសចរ ដើម្បីឱ្យប្រជាសហគមន៍ មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួម ពីប្រជាសហគមន៍ និង មានភាពសុខដុមរមនា នៅក្នុងសហគមន៍ ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-13_10-48-00-1024x682.jpg)
នេះបើតាមការថ្លែងឱ្យដឹង ពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-13_10-48-08-682x1024.jpg)
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម ទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបង្ហាញគម្រោង និងស្នើសុំការ គាំទ្រការរៀបចំ មជ្ឈមណ្ឌលសមាធិ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណងលើកស្ទួយ វិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និង ធម្មជាតិ ក្នុងន័យរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្ត របស់ក្រសួងបរិស្ថាន ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-13_10-48-13-682x1024.jpg)
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីថ្លែងថា ការគិតគូរ លើកកម្ពស់ ជីវភាពសហគមន៍ និងផ្តល់ផលប្រយោជន៍ ជូនសហគមន៍មូលដ្ឋាន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-13_10-48-17-1024x682.jpg)
លោករដ្ឋមន្រ្តីជំរុញការគិតគូរបន្ថែមទៀត លើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញ ពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មាន សម្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-13_10-48-20-1024x682.jpg)
លោក អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម ថា ភាពស្អាតរបស់ប្រជាសហគមន៍ ដែលកើតចេញពីភាពស្អាត ភាពបៃតង និងចីរភាព ដែលជាការងារអាទិភាពចម្បង របស់ក្រសួងបរិស្ថាន ក្នុងបេសកកម្មធ្វើឱ្យកម្ពុជា មានភាពស្អាត គឺស្អាតពីខាងក្រៅដែលនៅជុំវិញខ្លួនយើង គឺស្អាតដី ស្អាតទឹក និងស្អាតខ្យល់ ។ ស្របជាមួយគ្នានេះ ការកែប្រែផ្នត់គំនិតស្អាត ក៏ជាកត្តាលីករជួយ ឱ្យភាពស្អាត បានឋិតថេរចីរកាលយូរអង្វែងដែរ ។ ចំណែកភាពស្អាតពីខាងក្នុងវិញរួមមាន ភាពស្អាតកើតចេញពីចិត្តទៀង ត្រង់របស់ប្រជាសហគមន៍ខ្មែរដូចជា ការលក់ដូរផលិតផល កសិផលជូនអ្នកទេសចរមិនកាប់ថ្លៃ មានតម្លៃស្តង់ដារត្រឹមត្រូវ ទោះបីស្ថិតនៅក្នុងរដូវកាលបុណ្យទានក្តី ហើយនិងមានការគិតគូរ ដល់សុខភាពអ្នកប្រើប្រាស់ ផងដែរ ៕
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-13_10-48-24-1024x778.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)