ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តា៖ វិទ្យុ​ នៅតែបំពេញតួនាទី យ៉ាងសំខាន់​ ក្នុងការចូលរួមគ្រប់គ្រង លំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា

រូបថតដោយ លោក ខឹម សុវណ្ណារ៉ា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើរតួនាទី ជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់​ ចំណេះដឹងមូលដ្ឋាន ដល់ប្រជាពលរដ្ឋ ក្នុងនោះរហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុ នៅតែបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ។

ក្នុងអបអរសាទរ ទិវាវិទ្យុពិភពលោក​ លើកទី១៣ (១៣​ កុម្ភៈ ឆ្នាំ២០២៤) លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា “​ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតក្នុងគោលបំណង ជំរុញលើកកម្ពស់ការយល់ដឹង របស់សាធារណជន ពីសារសំខាន់របស់វិទ្យុ ក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាស នៃការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក រវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍ និងធ្វើទំនើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតាមតម្រូវការ របស់សាធារណជន និងការវិវត្តសង្គម នៃបច្ចេកវិទ្យាឌីជីថល”។

លោក នេត្រ ភក្ត្រា បានបន្ថែមថា “នៅឆ្នាំ២០២៤ ទិវាវិទ្យុពិភពលោក ត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating» បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ​​ទន្ទឹមនេះ ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើរតួនាទី ជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ ចំណេះដឹងមូលដ្ឋាន ដល់ប្រជាពលរដ្ឋ”។

ក្នុងនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “រហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុនៅតែបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្ម​ ​​ក្នុងការផ្តល់ព័ត៌មានពិត ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយ ពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរ ការចូលរួមអនុវត្ត នៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ”។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តទៀតថា “ក្នុងដំណាក់កាលរីកចម្រើននៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងជាពិសេស ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ស្ថាប័នវិទ្យុកម្ពុជា កំពុងយកចិត្តទុកដាក់ បង្កើនប្រតិបត្តិការ ដោយបានសម្របខ្លួន តាមរយៈការរួមបញ្ចូលមធ្យោបាយ ផ្សព្វផ្សាយជំនាន់ថ្មី ដែលមានទម្រង់ចម្រុះ មានទាំងរូបភាព និងសំឡេង ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយខ្លាំងជាងមុន ទាំងបែបបុរាណនិងទំនើប ដោយបានបង្កើតកម្មវិធី ជាច្រើនប្រធានបទ ដើម្បីចូលរួមអប់រំ និងលើកកម្ពស់ចំណេះដឹងប្រជាជនកម្ពុជា”។

ឆ្លៀតក្នុងឱកាសនេះ លោក នេត្រ ភក្ត្រា បានផ្តល់ជូនអនុសាសន៍ សម្រាប់ជាធាតុចូលបន្ថែម​ ដល់ប្រតិបត្តិករស្ថាប័នវិទ្យុ នៅកម្ពុជា ដោយត្រូវយកចិត្តទុកដាក់លើការ៖ ១.​យកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែក​ ប្រែក្លាយស្ថាប័នព័ត៌មាន ទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ២.​បន្តលើកកម្ពស់ និងកសាងសមត្ថភាព ក្នុងការផលិតមាតិកាកម្មវិធី ប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន», ៣.​បន្តរួមគ្នា ការពារសណ្ដាប់ធ្នាប់ ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន

៤.​បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីចូលរួមអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយនេះ ឱ្យកាន់តែរីកចម្រើន ក្រោមគោលការណ៍ នៃការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍, ៥.​ជំរុញការធ្វើសមាហរណកម្ម ប្រព័ន្ធផ្សព្វផ្សាយបុរាណ ជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ដោយត្រូវយកចិត្តទុកដាក់ ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថល ទៅក្នុងប្រតិបត្តិការរបស់ខ្លួន, ៦.​ខិតខំពង្រឹងសមត្ថភាព ជាមូលដ្ឋានដល់ពិធីករ និងពិធីការនី និងបង្កលក្ខណៈស្វែងយល់បន្ថែម លើអក្សរសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិជាដើម ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចកើតមាននៅពេលផ្សព្វផ្សាយ, ៧.​បន្តចូលរួមលើកកម្ពស់ ការផ្សព្វផ្សាយ ដើម្បីប្រឆាំង នឹងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន គ្រោះថ្នាក់ចរាចរ និងការសេពគ្រឿងស្រវឹង, ៨.​បន្តលើកកម្ពស់ការផ្សព្វផ្សាយ ពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមគ្រប់រូបភាព ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម និង៩.​បន្តកិច្ចសហការចូលរួម ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មាន ពីខាងក្រៅ៕

To Top