ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជិត៣០០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ ក្នុងយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៥-១១ កម្ភៈ កងកម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៣៣ករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនាថ្ងៃ១៣ កុម្ភៈ។

លោកថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុងចង្កោមការងារអាទិភាពចំនួន៦ ដែលលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដៅយកមកអនុវត្តចាប់ពីដើមនីតិកាលទី៧ ស្របតាមមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងគោលការណ៍ដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនកម្ពុជា។

ឈរលើគោលការណ៍មនុស្សគ្រប់រូបមានសិទ្ធិ និងទំនួលខុសត្រូវដូចគ្នាចំពោះមុខច្បាប់ ជាពិសេសដោយមានការដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី បណ្ឌិត ស សុខា បានអនុវត្តការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ រហូតឈានដល់ការសម្រេចបណ្ដេញមន្រ្តីមួយចំនួនតូចចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញប្រើប្រាស់គ្រឿងញៀន៕

To Top