ព័ត៌មានជាតិ

សិក្ខាកាមក្រីក្រ នៅខេត្តកែប ពេញចិត្តរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ ដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ខេត្តកែប លើកឡើងថា ខ្លួនពេញចិត្ត ក្នុងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដោយសារការរៀនជំនាញ មានការអនុវត្តជាក់ស្តែង និង មានសម្ភារៈគ្រប់គ្រន់នៅក្នុងថ្នាក់។

ជាសិក្ខាកាមផ្នែកសេវាកម្ម ត្រជាក់ដែលកំពុងសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកែប យុវជន ហួត គីម បានលើកឡើងថា៖«ខ្ញុំពេញចិត្ត នៃការសិក្សាជំនាញវិជ្ជាជីវៈ នេះណាស់ ដោយសារលោកគ្រូអ្នកគ្រូ មានការពន្យល់ក្បោះក្បាយល្អ យកចិត្តទុកដាក់ជាមួយសិស្ស បូករួមទាំងការអនុវត្តផ្ទាល់ និងមានឧបករណ៍ សម្ភារៈល្អគ្រប់គ្រន់នៅក្នុងការបង្រៀននៅក្នុងសាលាផងដែរ» ។

យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែ មកនេះខ្លួនបានអនុវត្តផ្ទាល់ ទៅលើកម្មវិធីកុំព្យូទ័រផ្ទាល់ ជាពិសេសនោះគឺ បានចូលអនុវត្តផ្នែកជួសជុល ម៉ាស៊ីនត្រជាក់ និងដំឡើង ជាដើម បន្ថែមពីលើនេះសិក្ខាកាមមានគ្រូបង្រៀន តាមចង្អុលបង្ហាញ ត្រឹមត្រូវ និងយកចិត្តទុកដាក់លើក យកឧបករណ៍ជាក់ស្តែង មកបង្ហាញ ផ្ទាល់តែម្តង ដែលទាំងនេះហើយ ទើបសិក្ខាកាមមានចិត្ត ខិតខំរៀនសូត្រ និងមិនអវត្តមាន។

ជាយុវជនរស់នៅ ខេត្តកែបម្នាក់ទៀត ងិន មីនា ដែលជាសិក្ខាកាមសេវាកម្ម ត្រជាក់ដែលកំពុងសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកែបថា៖ «ខ្ញុំពេញចិត្តណាស់ក្នុងការរៀន ជំនាញពីព្រោះការបង្រៀនរបស់លោកគ្រូ អ្នកគ្រូល្អ មានភាពទាក់ទាញ មានការអនុវត្តផ្ទាល់ និងមានឧបករណ៍ល្អៗ ជាច្រើននៅក្នុងសាលាផងដែរ»

យុវជនរូបនេះរំពឹងថា​ ខ្លួននឹងមានជំនាញមួយច្បាស់លាស់ មានប្រាក់ចំណូលសមរម្យ នឹងអាចស្រោចស្រង់ជីវភាពគ្រួសារឱ្យល្អប្រសើជាងមុន បន្ទាប់ពីបញ្ចប់ការសិក្សា ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ ការរៀនជំនាញវិជ្ជាជីវៈនេះ គឺជាកត្តាតែមួយគត់ ដែលអាចឱ្យខ្លួនត្រលប់មករកការសិក្សាវិញ ។

យុវជនដែលជាសិក្ខាកាម កំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះគឺ ល្អណាស់សម្រាប់យុវជនក្រីក្រ ពីព្រោះវាជាឱកាសមួយដ៍ល្អ សម្រាប់យុវជន ក្នុងការរៀនជំនាញដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ ឧបត្ថម្ភថែមទៀត ៕

To Top