ភ្នំពេញ៖ក្នុងក្របខណ្ឌគម្រោងគ្រប់គ្រង គ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ពានចំនួន៣កន្លែងដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់នៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។
យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ស្ពានទាំង៣កន្លែង រួមមាន៖
-ស្ពានទី១ ( ស្ពានអណ្តូងប្រេង) ស្ថិតលើផ្លូវ TK1 មានប្រវែង៣៨,១២ ម៉ែត្រ និងទទឹង៨ម៉ែត្រ នៅក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយសម្រេចបាន ៨៥% ។
-ស្ពានទី២ (ស្ពានព្រែកសណ្ដាយ) ស្ថិតលើផ្លូវ TK1 មានប្រវែង៣០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ នៅក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន ៨៦%។
-ស្ពានទី៣ ( ស្ពានអុងជឺ) ស្ថិតលើផ្លូវ TK2 មានប្រវែង៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន ៨៤% ។
ក្រសួងបញ្ជាក់ថា «ស្ពានទាំង៣កន្លែង បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ហើយគ្រោងនឹងដាក់ឱ្យប្រពលរដ្ឋប្រើប្រាស់នៅមុនពេល ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ»៕