ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ រឹតបន្តឹងការស្នើសុំយកមន្រ្តីនគរបាលជាតិ យកទៅបម្រើការងារនៅអង្គភាពផ្សេងៗ ឬបម្រើការងារជូនថ្នាក់ដឹកនាំ

" "

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាប់ផ្ដើមដាក់ចេញវិធានការរឹតបន្តឹង ការស្នើសុំមន្រ្តីនគរបាលជាតិ យកទៅបម្រើការងារនៅអង្គភាពផ្សេងៗ និងការងារផ្ទាល់ខ្លួន សម្រាប់ថ្នាក់ដឹកនាំ។

យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានថ្នាក់ដឹកនាំ និងប្រធានអង្គភាពមួយចំនួន បានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ឲ្យមកបម្រើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយការងារផ្ទាល់ខ្លួន ជាអង្គរក្ស អ្នកបើកបរ ជំនួយការ នៅក្នុងឬក្រៅក្រសួងមហាផ្ទៃ ដែលធ្វើឲ្យអង្គភាពសាមីជួបភាពលំបាក ក្នុងការគ្រប់គ្រងមន្ត្រីរបស់ខ្លួន។

" "

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃ ការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ទាក់ទងនឹងករណីខាងលើនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការដូចខាងក្រោម៖

" "

ទី១- រាល់ការយកមន្ត្រីនគរបាលពីអង្គភាពណាមួយ ទៅបម្រើការងារឲ្យអង្គភាពណាមួយផ្សេងទៀត ឬមកជួយការងារឲ្យថ្នាក់ដឹកនាំណាម្នាក់ នៅក្នុងនិងក្រៅក្រសួងមហាផ្ទៃ ត្រូវមានការឯកភាពពីប្រធានអង្គភាពសាមីជាមុន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ទី២- ការស្នើសុំយកមន្ត្រីនគរបាល ដូចមានចែងក្នុងចំណុច ១ខាងលើ ត្រូវបានអនុញ្ញាតយ៉ាងច្រើន ក្នុងរយៈពេល១ឆ្នាំ ហើយត្រូវស្នើសុំជាថ្មីក្នុងករណីចាំបាច់ លើកលែងតែឥស្សរជនជាន់ខ្ពស់។

ទី៣- សាមីអង្គភាព ឬថ្នាក់ដឹកនាំដែលស្នើសុំ យកមន្ត្រីនគរបាលមកបម្រើការងារ ត្រូវគ្រប់គ្រងមន្ត្រីនគរបាលនោះឲ្យបានល្អ។

ទី៤- ហាមជាដាច់ខាតការបញ្ជួន ឬការអនុញ្ញាតឲ្យមន្ដ្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឲ្យទៅបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងម៉ោងរដ្ឋបាល។

ទី៥- អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាក់ទងនឹងការស្នើសុំយកមន្ត្រីទៅ បម្រើការងារដូចបានបញ្ជាក់ជូនខាងលើ៕

To Top