ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានក្រើនរំលឹកដល់យុវជន-យុវនារីខ្មែរ កុំយកថ្ងៃទី១៤ កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ទៅប្រព្រឹត្តសកម្មភាព ដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរ។
យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឱ្យដឹងថា មានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយចំនួន នៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ដោយប្រើប្រាស់ថ្ងៃនេះ ប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរយើង។
ក្រសួងកិច្ចការនារី សូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពីបុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារនៃទិវានៃក្តីស្រឡាញ់នេះ។
ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូនកូន ចៅ សាច់ញាតិ ឬក្រុមគ្រួសារ សំដៅឈានទៅលុបបំបាត់សកម្មភាពជាអវិជ្ជមាននានា ក្នុងសង្គម ក្នុងន័យរួមគ្នាថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរយើង ឲ្យគង់វង្សស្ថិតស្ថេរ ជានិច្ចនិរន្តរ៍៕