ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីការបញ្ចប់គម្រោង MWS ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរាជទូត អូស្ត្រាលីប្រចាំកម្ពុជា និងគណៈប្រតិភូ និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោកឯកអគ្គរាជទូត ដែលជានិច្ចកាលបានជួយគាំទ្រ ដល់ការកសាង និងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមចំណែក ទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ អនុវត្តភារកិច្ចការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំជាផែនការសកម្មភាព និងមានវិធានការ ដោះស្រាយច្បាស់លាស់ ពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រីក៏បានស្នើសុំភាគីអូស្រ្តាលីបន្តកិច្ចសហការ ដើម្បីឱ្យការអនុវត្តគម្រោងថ្មី បានប្រព្រឹត្តទៅកាន់តែឆាប់ហ័ស ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមនឹង បន្តសហការឱ្យកាន់តែស្និទ្ធស្នាលជាមួយភាគីអូស្រ្តាលី ដើម្បីធ្វើការសិក្សាលើគម្រោងនានា ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អូស្រ្តាលី ដោយផ្តោតចម្បងលើសន្តិសុខ សុវត្ថិភាពទឹក និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបប្រាប់ភាគីអូស្ត្រាលី អាចធ្វើកិច្ចការបន្ត ជាមួយលោករដ្ឋលេខាធិការ អាន ពេជ្រ ហត្ថា ដើម្បីពិភាក្សាអំពីការងារ និងផែនការជាអាទិភាព និងកិច្ចការងារសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារ។ លោកឯកអគ្គរាជទូតបានជម្រាបជូន លោករដ្ឋមន្ត្រី នូវការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តរួមចំណែក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក ឱ្យកាន់តែមានការវិវត្តរីកចម្រើនបន្ថែមទៀត ។ ក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា Justin Whyatt បានប្រគល់នូវសម្ភារ និងរថយន្តមួយចំនួនដែលបានប្រើក្នុងកម្មវិធី ខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់២) និងបានបន្តប្រើរហូតមកក្នុងគម្រោង MWS ជូនដល់ក្រសួងធនធានទឹក និងឧតុនិយម ។

គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី ជាពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម កន្លងមករាជរដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយឥតសំណងក្នុងការអនុវត្តគម្រោងកម្មវិធី ខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់១ និងកាវ៉ាក់២) ដែលតាមរយ:គម្រោងទាំងពីរនេះ ប្រព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយបានជួយជំរុញ ឱ្យប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់វិស័យកសិកម្មក្នុងខេត្តគោលដៅ ។ ជាមួយគ្នានេះគម្រោងកាវ៉ាក់ មិនត្រឹមតែបាន ជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជនបទ ឱ្យមានការរីកចម្រើនទ្វេដងផងដែរ ៕




